​ដោយ​៖​សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុម​កីឡាករ កីឡាការិនី​វាយ​សី​ក្រសួងមហាផ្ទៃ ដណ្តើម​មេដាយ​ច្រើនជាងគេ ខណៈ​ក្រុម​កីឡាករ កីឡាការិនី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​ក្រោយ​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​។

​មាន​ក្លិប និង​សមាគម​កីឡា​វាយ​សី ចំនួន​១២ ចូលរួម​ក្នុងការ​ប្រកួត​រៀបចំ ដោយ​សហព័ន្ធ​កីឡា​វាយ​សី និង​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា លោក ដួង មាស​ចំរើន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​អញ្ជើញ​ចូលរួម និង​បំពាក់​មេដាយ និង​ជ័យលាភី ដល់​កីឡាករ​-​កីឡាការិនី នៅ​សាល​វាយ​សី នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ក្រុម​កីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ ដណ្តើម​មេដាយមាស ២​គ្រឿង និង​មេដាយប្រាក់ ៣ គ្រឿង ឈរ​កំពូល​តារាង ចំពោះ​ក្រុម​កីឡាករ​-​កីឡាការិនី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដណ្តើម​មេដាយមាស ២​គ្រឿង និង​មេដាយសំរិទ្ធ ៣ គ្រឿង ជាប់​ចំណាត់​លេខ ២ ចំណែក​ក្រុម​កីឡាករ​-​កីឡាការិនី ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​កីឡាករ​-​កីឡាការិនី​ខេត្តបាត់ដំបង និង​ក្រុម​កីឡាករ​-​កីឡាការិនី​ខេត្តកំពង់ចាម ដណ្តើម​មេដាយមាស ១​គ្រឿង ដូចគ្នា​។

​ក្រុម​កីឡាករ​-​កីឡាការិនី​ខេត្ត​ប៉ៃលិន ដណ្តើមបាន​មេដាយប្រាក់ ១ គ្រឿង និង​មេដាយសំរិទ្ធ ១ គ្រឿង ក្រុម​កីឡាករ​-​កីឡាការិនី​ខេត្តស្វាយរៀង ក្រុម​កីឡាករ​-​កីឡាការិនី​ការពារ​អាកាស និង​ក្រុម​កីឡាករ​-​កីឡាការិនី​ភ្នំពេញ ដណ្តើមបាន​មេដាយប្រាក់ ១ គ្រឿង ក្រុម​កីឡាករ​-​កីឡាការិនី​ខេត្តសៀមរាប ដណ្តើម​មេដាយសំរិទ្ធ ២ គ្រឿង រីឯ​ក្រុម​កីឡាករ​-​កីឡាការិនី​ខេត្តកំពង់ឆ្នាំង​ដណ្តើម​មេដាយសំរិទ្ធ ១ គ្រឿង​៕/V​