ដោយ:សុខុម / រតនគិរី: បងប្អូនជនជាតិដើមភាគតិចគ្រឹង រស់នៅខេត្តរតនគិរីគឺ នៅតែបន្តរក្សាទម្លាប់ប្រពៃណីសែនរៀបការ ពីបុរាណ មកដល់សព្វថ្ងៃនេះ។ ក៏ប៉ុន្តែ ការរៀបចំនោះ ធ្វើទៅមិនបានគ្រប់គ្រាន់ តាមប្រពៃណី ពីដើមទាំងស្រុងទេ។ ដោយសារសព្វថ្ងៃ បងប្អូនជនជាតិភាគតិច រស់នៅលាយឡំគ្នា។
ប្រពៃណីសែនរៀបការនេះ មុននឹងឈានដល់សែនរៀបការ គឺការទំនាក់ទំនង រវាងខាងប្រុស និងខាងស្រី។
តាមទម្លាប់ជនជាតិគ្រឹង ពេលដឹងថា កូនស្រី មានទំនាក់ទំនងស្នេហា ជាមួយនឹងបុរសណាម្នាក់ ក្នុងភូមិឬក៏នៅភូមិដទៃទៀត គេតែងតែចាត់មេអណ្ដើកស្រីម្នាក់ទៅសួរនាំ ឪពុកម្ដាយខាងប្រុស ជាមុនសិន។
បន្ទាប់មក មេអណ្ដើក ក៏បានពាំនាំពាក្យពីឪពុកម្ដាយខាងប្រុស មកប្រាប់ឪពុកម្ដាយខាងស្រី ដើម្បីបញ្ជាក់ការពិតថា ពួកគេទាំងពីរនាក់ ពិតជាស្រឡាញ់គ្នា យកជាអនាគត ឬយ៉ាងណា? លុះពេលដឹងថា ស្នេហាអ្នកទាំងពីរ ចង់បានជាគូអនាគត ទើបគេរៀបចំជាពិធីសែនរៀបការ ជ្រើសរើសថ្ងៃល្អណាមួយ ក្រោយពេលប្រមូលភោគផលរួច។
កាលពីពេលកន្លងទៅថ្មីនេះ គ្រួសារ ជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំខេត្តរតនគិរី មានរៀបចំពិធីសែនរៀបការ ដែលពាក្យខ្មែរយើង តែងនិយាយថា រៀបចំពិធីអាពាហ៍ពិពាហ៍។
នៅថ្ងៃដំបូង ជនជាតិដើមភាគតិចគ្រឹង គេរៀបចំពិធីសែន។ ពិធីសែននោះ មានដូចជា ស្រាពាង គ្រឿងក្នុងមាន់ជ្រូក ឬសាច់ឆ្អិន មានប្រគុំបទភ្លេង វាយគង ៥ផ្លែតាមបែបជនជាតិភាគតិច។ នៅថ្ងៃបន្ទាប់ ទើបគេមានទទួលភ្ញៀវកូនកំលោះ កូនក្រមុំ គឺមានបងប្អូនជនជាតិដើមភាគតិច និងភ្ញៀវខ្មែរ ចូលរួមតុពិសាអាហារ ផឹកស្រា ច្រៀងរាំ ជាដើម។
ពិធីសែនរៀបការដំបូង គេធ្វើពិធីផឹកស្រាទទួលកូនកំលោះ គឺមានស្រាមួយពាងតូចល្មម មានសាច់មាន់សាច់ជ្រូកឆ្អិន បាយពីរចាន។ បន្ទាប់មកទៀត គេបានធ្វើពិធីមើលភ្លើងទៀន សំដៅទៅលើភ្លើងទៀនកូនកំលោះ និងកូនក្រមុំ មួយណានឹងរលត់មុន។ ភ្លើងទៀន មានអត្ថន័យដ៏ជ្រាលជ្រៅ ចំពោះជីវិតកូនកំលោះ កូនក្រមុំ ទៅថ្ងៃអនាគត។ ពិធីមើលភ្លើងទៀននេះ គឺគេពូតបាយបញ្ចុកគ្នា ជួបជុំនៅផ្ទះខាងស្រី ដោយមេអណ្ដើក និងចាស់ទុំ ក្នុងភូមិ ជាអ្នករៀបចំ។
នាយប់ថ្ងៃដំបូង ចាប់ផ្ដើមរៀបចំចូលរោងការកូនកំលោះឈ្មោះ ម៉ន វិសាល មានស្រុកកំណើត នៅអរិយក្សត្រខេត្តកណ្ដាល បានរៀបរាប់ពីដំណើរដើមទងស្នេហាឈានដល់ភ្ជាប់និស្ស័យ យកកូនក្រមុំ ជាជនជាតិដើមភាគតិចគ្រឹង ធ្វើជាប្រពន្ធ។ និស្ស័យស្នេហ៍ទាំងពីរនាក់ គឺតាមរយ:ការជួបគ្នា នៅខេត្តមណ្ឌលគិរី។
ចំណែកកូនក្រមុំ មានដើមកំណើត ជាជនជាតិគ្រឹង ឈ្មោះ ម៉ាន់ ម៉ូជៀបណា ក៏បានរៀបរាប់ពីទំនាក់ទំនងការងារ និងស្នេហា ដែលនឹងបានក្លាយជាភរិយាស្របច្បាប់នោះ បានរៀបរាប់ឲ្យដឹងថា: នាងបានជួបបុរសឈ្មោះ វិសាល នៅពេលនាង ទៅធ្វើការសម្តែងសិល្ប: នៅខេត្តមណ្ឌលគិរី។ ក្រោយពីចាស់ទុំដឹងឮទាំងសងខាង ពូកគេ ក៏បានរៀបចំទៅតាមប្រពៃណីជនជាតិដើមភាគតិច នៅស្រុកអូរជុំ ខេត្តរតនគិរី។
លោក ថុល យុពង្ស ប្រធានការិយាល័យសិប្បកម្មសូនរូប និងទទួលបន្ទុកការងារមរតកអរូបី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យដឹងថា: ការរៀបចំពិធីសែនរៀបការរបស់បងប្អូនជនជាតិដើមភាគតិចគ្រឹងគឺធ្វើតាមទំនៀមទម្លាប់ ប៉ុន្តែមិនបានទាំងស្រុងទេ។
លោកបានឱ្យដឹងទៀតថា: ពិធីសែនរៀបការ តាមប្រពៃណីជនជាតិគ្រឹង ខាងលើនេះ លោកនឹងរៀបចំចងក្រងជាឯកសារ ស្នើសុំទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចាត់ចូលជាវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច៕/V