​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖​ជប៉ុន​កាលពី​ថ្ងៃ​ចន្ទ​ទី​០៤​មិថុនា​បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ចិន​ចំពោះ​ការ​ដែល​នាវា​កងទ័ពជើងទឹក​ចិន​មួយ​បើក​ចូល​ក្បែរ​បណ្តា​កោះមាន​ជម្លោះ​នៅក្នុង​​សមុទ្រ​ចិន​ខាងកើត ​ចំ​ពេល​របាយការណ៍​ថា រុស្ស៊ី​ក៏​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ចូល​ក្នុង​តំបន់​ប្រទាញប្រទង់​គ្នា​នេះដែរ​។​

​សូមបញ្ជាក់​ថា ប្រជុំ​កូន​កោះ​នៅក្នុង​សមុទ្រ​ចិនខាងកើត ដែល​ជប៉ុន​ហៅថា​”​សេន​កាគុ​” និង​ចិន​ហៅ​”​ទាវ​យុ​” ជា​ស្នូល​នៃ​ជម្លោះ​ទឹកដីយូរអង្វែង​មួយ​រវាង​ជប៉ុន​និង​ចិន​។​មន្ត្រី​ជប៉ុន​តែង​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​វត្តមាន​នាវា​ឆ្មាំ​សមុទ្រ​ចិន​នៅក្នុង​ដែនទឹក​ក្បែរ​ប្រជុំ​កូន​នេះ តែ​នេះវា​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៨​ដែល​នាវា​កងទ័ពជើងទឹក​មួ​យ​ត្រូវបាន​ប្រទះឃើញ​នៅ​ទី​​នោះ នេះ​បើ​តាម​សារព័ត៌មាន NHK​ជប៉ុន​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញពី​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​និយាយថា នៅ​ម៉ោង​ប្រមាណ​៧​និង​៤៤​នាទី​ព្រឹក​ថ្ងៃ​ចន្ទ នាវា​ហ្វ្រី​ហ្កា​ត​ចិន​មួយ​បាន​ស្ថិតនៅក្នុង​ដែនទឹក​ជប៉ុន នៅ​ភាគ​នីរតី​នៃ​ប្រជុំ​កោះ​ដែល​​គ្រប់គ្រង​ដោយ​ជប៉ុន​។​

​សេ​អ៊ិជី គី​ហា​រ៉ា​(Seiji Kihara) អនុប្រធាន​ខុទ្ទកាល័យ​ជប៉ុន​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​«​យើង​សូម​សម្តែង​ការព្រួយបារម្ភ​និង​ធ្វើ​ការប្រឆាំង​តវ៉ា​ទៅ​ភាគី​ចិន​តាម​បណ្តាញ​ការទូត​។​យើង​សូម​​អំពាវនាវ​អោយ​ពួក​គេ​រារាំង​កុំអោយ​មាន​ហេតុការណ៍​ដូច្នេះ​ជា​ថ្មី​»​។​

​លោក​បាន​បន្ថែមថា ប្រជុំ​កូន​កោះ​នេះ​ជា​ទឹកដី​របស់​ជប៉ុន ទាំង​ទស្សនៈ​ប្រវត្តិសាស្ត្រ​និង​ច្បាប់​អន្តរជាតិ​។​

​ក្នុង​ហេតុការណ៍​ដាច់ដោយឡែក នាវាចម្បាំង​រុស្ស៊ី​មួយ​ក៏​ត្រូវបាន​ប្រទះឃើញ​នៅ​ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះមាន​ជម្លោះ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​NHK, Jiji Press និង​សារព័ត៌មាន​ជប៉ុន​ដទៃទៀត​។​តែ​ក្រសួង​ការពារជាតិ​មិន​អាច​បញ្ជាក់​ថា​ព័ត៌មាន​នេះ​ពិត​ឬ​មិន​ពិត​ភ្លាមៗ​ទេ​។​

រំលឹកបន្តិថា ​កាលពី​ខែ​ឧសភាយន្តហោះ​យោធា​ចិន​និង​រុស្ស៊ី​ជាច្រើន​គ្រឿង​បាន​ហោះ​រួមគ្នា​ទៅជិត​ជប៉ុន​នៅពេល​ក្រុម​មេដឹកនាំ​ប្លុក​ក្វាដ​(Quad)​រួម​មាន​ជប៉ុន អាម៉េរិក អូស្ត្រាលី​និង​ឥណ្ឌា ជួបប្រជុំ​នៅ​ទីក្រុង​តូ​ក្យូ​។​​ទោះ​ជា​យន្តហោះ​ទាំងនោះ​មិន​បាន​រំលោភ​ចូល​ដែនអាកាស​ជប៉ុន តែ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​និយាយថា ចំណាត់ការ​នេះ​ជាការ​បង្ក​រឿង​ដោយសារ​វា​កើតឡើង​ចំពេល​មេដឹកនាំ​បួន​ប្រទេស​ជួបប្រជុំគ្នា​។​

​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​និយាយថា ការហោះហើរ​នោះ​ជា​ផ្នែក​នៃ​ផែនការ​សហប្រតិបត្តិកា​រ​យោធា​ប្រចាំឆ្នាំរវាងប្រទេសទាំងពីរប៉ុណ្ណោះ​៕

​ស្គាល់​ថា​ជា​ប្រជុំ​កោះ​សេន​កា​គុជា​ភាសា​ជប៉ុន និង​ទាវ​យុ ជា​ភាសា​ចិន ប្រជុំ​កូន​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​នេះ​ជា​ស្នូល​នៃ​ជម្លោះ​ទឹកដី​យូរអង្វែង​រវាង​ជប៉ុន​និង​ចិន​

​ជប៉ុន​តែង​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​វត្តមាន​នាវា​ឆ្មាំ​សមុទ្រ​ចិន​នៅក្នុង​ដែនទឹក​ក្បែរ​ប្រជុំ​កូន​នេះ​