ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​៤ កក្កដា ២០២២ នេះ ផ្លូវលំ​ក្រាល​ក្រួស ក្រហម​មួយ​ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ជាប់មាត់​ទន្លេ​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​រង​ការខូចខាត​កន្លងទៅ ត្រូវបាន​ជួសជុល កែលម្អ ឲ្យ​ដំណើរការ​ឡើងវិញ​ហើយ ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង ។

​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង លោក ជិន​រដ្ឋា បាន​ប្រាប់​ឱ្យដឹងថា​: ផ្កូ​វ​លំ​មួយ​ខ្សែ​នេះ មាន​ប្រវែង ៥.០០០ ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​កំពង់​អូស ឃុំ​កំពង់​អូស ស្រុក​ជល់​គី​រី មកកាន់​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បាន​រង ការខូចខាត ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយក៍​ជា​ផ្លូវ​មួយ មាន​រថយន្ត​តូច ធំ គ្រប់​ប្រភេទ ឆ្លងកាត់ និង​ដឹកជញ្ជូន​ទៅមក យ៉ាង​មមាញឹក​និង​ការធ្វើដំណើរ ទៅមក​របស់​ប្រជាពលរដ្ឋ ពី​តំបន់​ជនបទ​ផ្សេងៗ មក​ទី​រួម​ខេត្ត ពី​ទី​រួម​ខេត្ត ទៅ​តំបន់​ឆ្ងាយៗ​មាន​ក្រុង​កំពង់ឆ្នាំង ស្រុក​រលាប្អៀរ ស្រុក​ជល​គី​រី និង​មួយផ្នែក ភ្ជាប់​ទៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម​ផងដែរ ។

​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ទៀតថា​: ដោយ​មើលឃើញ ពី​ស្ថានភាព ក្នុង​ការធ្វើ ដំណើរ មានការ​លំបាក លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បានឱ្យ​ប្រធាន មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង ចុះ​ធ្វើការ​សិក្សា​ជួសជុល​កែលម្អ​ផ្លូវ​មួយ​នេះ ឲ្យ​បានល្អ​ប្រសើរ ឡើងវិញ សម្រាប់​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ មកកាន់​ក្រុង​កំពង់ឆ្នាំង ក៏​ដូច​ទៅកាន់​តំបន់​ជនបទ និង​ត​ភ្ជាប់​ទៅ​កន្លែង​ផ្សេងៗ នៅក្នុង​ខេត្ត​ផងដែរ ។

​លោក អ៉ិ​ន ឌិន ប្រធានភូមិ​កណ្ដាល ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ ដែល​ឆ្លងកាត់ និង​មាន​ទីលំនៅ​តាម​ដងផ្លូវ​នេះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ដល់ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​មន្ទីរ អភិវឌ្ឍន៍ជនបទ ដែល​លោក​តែងតែ​យកចិត្តទុកដាក់ ដល់​ការរស់នៅ​របស់​បងប្អូន ប្រជាពលរដ្ឋ​។

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ លោក​មេភូមិ​កណ្ដាល ក៏​សូម​អំពាវនាវ​ដល់​សម​ត្ថ​កិច្ច ក្នុង​ក្រុង​កំពង់ឆ្នាំង អាជ្ញាធ​ក្រុង មេត្តាជួយ​សម្រួល ដល់​ការធ្វើដំណើរ​ទៅមក​របស់ ប្រជាពលរដ្ឋ និង​រថយន្ត​ដឹក​អ្នកដំណើរ ដែល​មក​សំចត​នៅ​គល់​ទំនប់​បារាំង មាន​ភាព​រញ៉េរញ៉ៃ ដែល​បង្ក​ឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ ដែល​កើតឡើង​ជាយថាហេតុ ខណៈ​រថយន្ត​ចុះ​ពីលើ​ផ្លូវ​មក​ផ្នែក​ខាងក្រោម ទំនប់​នេះ​៕/V-PC