​ដោយៈ គង់​ហេង​/​ត្បូងឃ្មុំ​: រថយន្ត​ដឹក​ត្រី​មួយគ្រឿង បាន​បើកបរ​លឿន ក៏​ប្រទះ​ផ្លូវ​កោង បាន​ជ្រុល​ចង្កូត ទៅបុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ និង​ក្រឡាប់ បណ្តាលឱ្យ​អ្នកធ្វើដំណើរ ក្នុង​រថយន្ត​មួយគ្រឿង​នេះ ម្នាក់​បាន​ស្លាប់ និង​បីនាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល លើផ្លូវ​ជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៦២-១៦៣ ក្នុងភូមិ​ផ្សារ​កណ្តោលជ្រុំ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក កាលពី​ម៉ោង​ជិត ១២ យប់ ថ្ងៃទី​៣ កក្កដា នេះ ។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បានឱ្យដឹងថាៈ បុរសរងគ្រោះ អាយុ ៣៦ ឆ្នាំ ដែល​បាន​ស្លាប់ នៅក្នុង​រថយន្ត ឈ្មោះ ឈន់ សុខ​ដា មាន​លំនៅ នៅ​ភូមិ​ត្រពាំង​ល្វា ឃុំ​ទួល​សុ​ភី និង​អ្នក​របួសស្រាល ចំនួន​ពីរ នាក់​ទៀត រស់នៅ​ភូមិ​លេខ​១ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ​។ ចំណែក​អ្នករបួសធ្ងន់ និង​ជា​អ្នកបើកបរ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ ត្បូងឃ្មុំ 3A-2133 ដឹក​ត្រី ជា​បុរស​អាយុ ៣២ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ទួល​ធាតុ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​ប្រភពព័ត៌មាន​ដដែល បាន​បន្តថាៈ មុន​ក្រឡាប់​ស្លាប់ និង​របួស​មនុស្ស រថយន្ត​ខាងលើ បាន​បើកបរ ពី​ទិស​ខាងត្បូង​ឃ្មុំ សំដៅ​ស្រុក​ពញាក្រែក​បាន​ជ្រុល​ចង្កូត ទៅ​កៀរ​សំយាបផ្ទះ ចំនួន​បី បណ្តាលឱ្យ​ខូច​ទុយោ​កុង​ទ័​រ​ទឹក ស្លាក​ជួសជុល​ម៉ូតូ ខូច​ជញ្ជាំង​ផ្ទះ បែក​កញ្ចក់​ទូ និង​បាក់​រាន​ទេវតា ខូច​តូប​លក់​កាហ្វេ និង​សម្ភារៈ​មួយចំនួន​។​

​ប្រភព​ដដែល​នោះ បាន​បន្ថែមថាៈ ករណីនេះ ដោយសារ ខាង​រថយន្ត​ដឹក​ត្រី​ប្រើប្រាស់​ល្បឿន លឿន នៅលើ​ផ្លូវ​កោង ហើយ​មន្ត្រី​ជំនាញ បាន​យក​រថយន្ត​ដែល​ក្រឡាប់ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ពញាក្រែក និង​បាន​ចងក្រង​សំណុំរឿង តាម​នីតិវិធី​៕/V​.mara