ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម ចូលរួម​អនុវត្ត​ផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ​២០២១-២០៣៥ ដោយបាន​រៀប ចំ​ស្តារ និង​ជួសជុល​ឡើងវិញ នូវ​ប្រភពទឹក​សំខាន់ៗ ៣ កន្លែង ដោយ​ប្រើប្រាស់ ថវិកាជាតិ ដើម្បី​ធានាបាន​នូវ​សក្តានុពល​ទឹក​គ្រប់គ្រាន់ សម្រាប់​បម្រើ​ដល់ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្តមណ្ឌលគិរី​។​

​ប្រភពទឹក​សំខាន់ៗ​ទាំងបី រួមមាន ទំនប់​អូរ​តេ ស្ថិតក្នុង​ស្រុក​អូររាំង ក្រុង​សែន មនោ​រម្យ អាច​ស្តុក​ទឹកបាន​ប្រមាណ ១០ លាន​ម៉ែត្រគូប ដែល​សាងសង់​បាន ប្រមាណ​ជា ៥៩ ភាគរយ​, ទំនប់​លើ ស្ថិតក្នុង​ឃុំ​សុខដុម ក្រុង​សែន​មនោ​រម្យ អាច​ស្តុក​ទឹកបាន​ប្រមាណ ២០ ម៉ឺន​ម៉ែត្រគូប សាងសង់​បាន​ប្រមាណ​ជា ៩០ ភាគរយ​, ទំនប់​ក្រោម ស្ថិតក្នុង​ឃុំ​សុខដុម ក្រុង​សែន​មនោ​រម្យ អាច​ស្តុក​ទឹកបាន ប្រមាណ ៣០ ម៉ឺន​ម៉ែត្រគូប សាងសង់​បាន​ប្រមាណ​ជា ៩០ ភាគរយ​។ នេះ​បើតាម​ការផ្សាយ​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​លទ្ធផល​ខាងលើនេះ បង្ហាញឱ្យឃើញ តាមរយៈ​ពិធី​ផ្សព្វផ្សាយ សមាសភាព គណៈកម្មាធិការ ដឹកនាំ​អនុវត្ត​ផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី អម​ជាមួយ​ការប្រកាស ផែនការ​សកម្មភាព នៃ​ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ​២០២១-២០៣៥ បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដោយ​លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​សមាជិក​គណៈកម្មាធិកា​រ ដឹកនាំ​អនុវត្ត​ផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល គិរី បាន​ចូលរួម​។​

​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ​២០២១- ២០៣៥ ដែល​ទទួល បានការ​អនុម័ត ពី​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ បានដាក់​ចេញ នូវ​ទិសដៅ​យុទ្ធសាស្ត្រ ចំនួន​៥ សម្រាប់​ការអភិវឌ្ឍ រួមមាន​ដូចជា ការកំណត់​តំបន់​អាទិភាព សម្រាប់​ការអភិវឌ្ឍ , ការអភិវឌ្ឍ​ផលិត ផល​ទេសចរណ៍ និង​វិ​និ​យោ ក្នុង​វិស័យ​ទេសចរណ៍​, ការពង្រឹង​គុណភាព​ទេសចរណ៍ និង​ពង្រឹង​ធនធានមនុស្ស​, ការផ្សព្វផ្សាយ និង​ការពង្រឹង រូបភាព វិស័យ​ទេសចរណ៍ ក្នុង​ខេត្តមណ្ឌលគិរី និង ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អន្តរ​វិស័យ គាំទ្រ ដល់​ការអភិវឌ្ឍ វិស័យ​ទេសចរណ៍​៕/V​-PC