ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២ នេះ នាបរិវេណ មន្ទីរពេទ្យ បង្អែកច្បារអំពៅ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងលោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធាន គណៈកម្មាធិការសាខា និងជា ប្រធានក្រុមការងារ ឥស្សរជនឆ្នេីមថ្នាក់ជាតិ ថ្នាក់សាខា រាជធានីភ្នំពេញ បានរៀបចំពិធីអប់រំផ្សព្វផ្សាយ សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខា ធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ ៥ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ ” វិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ ការគ្រប់ដណ្តប់ សុខភាពជាសកល ” ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្រោយ សម្រាលកូន ចំនួន ៣២ នាក់។
នាឱកាសនោះ ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខារាជធានី ភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហ ប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនដល់បងស្រី ប្អូនស្រីជាមាតាទាំងអស់ ប្រកបដោយក្តីនឹករលឹក។
លោកនាយកប្រតិបត្តិសាខា ក៏បានផ្សព្វផ្សាយពីសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលពោរពេញទៅដោយអត្ថន័យ និងខ្លឹមសារយ៉ាងសំខាន់ ក្នុងនោះ សម្តេចប្រធាន បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ឆ្មបកម្ពុជាទាំងអស់ ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សាបានការថែទាំសុខភាព ជូនស្ត្រីទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឱ្យមានដំណើរការល្អជាប្រចាំ ព្រមទាំងបាន អំពាវនាវ សូមឱ្យឆ្មបទាំងអស់បន្តអនុវត្តការងារ ដូចជា (១)-ផ្តល់ប្រឹក្សាអប់រំដល់ បុរស នារី ដែលជិតរៀបការ អំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ពិសេសទប់ ស្កាត់ជំងឺឆ្លងនានា ពីម្តាយទៅកូន ។ (២)-ផ្តល់សេវាថែទាំ ក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលវេលា នូវផលវិបាកនានា។ (៣)-ផ្តល់សេវាថែទាំ ក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល ។ (៤)-ផ្តល់សេវា ពន្យារកំណើត និងសេវាចាំបាច់ដទៃទៀត ដែលពាក់ព័ន្ធនឹងការងារឆ្មប ។
ជាមួយគ្នានេះ សម្តេចប្រធាន ក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យ សុខភាព តាមកាលកំណត់របស់គ្រូពេទ្យ, សូមទៅសម្រាលកូន នៅមណ្ឌលសុខភាព ឫមន្ទីរពេទ្យបង្អែក, ត្រូវពិនិត្យតាមដានសុខភាព ក្រោយសម្រាល និងយកទារក ទៅចាក់ថ្នាំបង្ការ ១១ មុខ តាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុត ឱ្យបានឆាប់ នៅពេលទារក ឬកូនតូចគ្រុនក្តៅ ឬមានអាការៈខុសប្រក្រត្រី ឬពិបាកដកដង្ហើម។
សូមបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្រោយសម្រាលកូន ដែលបានចូលរួម ចំនួន ៣២នាក់ ក្នុង១នាក់ៗ ទទួលបានកន្សែងពោះគោធំ១ កន្សែងជូតខ្លួនទារក១ មុង១ ភួយ១ សារុង១ សាប៊ូ២ដុំ ជែលលាងដៃ ២ដប ម៉ាស ២០បន្ទះ អាល់កុល១ដប និងថវិកា ចំនួន ៥ម៉ឺនរៀល៕/V-PC