ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ប្រសិនជាពុំមានអ្វីប្រែប្រួលទេរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៤ នៃ គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ(រូបថតឯកសារ)
កិច្ចប្រជុំនេះដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ក្រសួងការបរទេសបានប្រកាសឱ្យដឹងនៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០២២នេះថា តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃ គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដានៅរាជធានីភ្នំពេញ។
ក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅមុនកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ លោក សាលើមសៃ គុំម៉ាស៊ីត នឹង អញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ប្រភពដដែលបានបន្តថា កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ រវាងកម្ពុជា និងឡាវ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ សហប្រធានទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងឡាវ៕សរន