ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ អាជ្ញាធរចិនបានចេញផ្សាយផែនការសកម្មភាពមួយដើម្បីជួយសម្រួលដល់ការធ្វើឌីជីថលនីយកម្មឧស្សាហកម្មទំនិញប្រើប្រាស់ខណៈប្រទេសនេះធ្វើចំណាត់ការដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចពិត ហើយបង្កើតនិងបំពេញតម្រូវការអ្នកប្រើប្រាស់។
ចិនមានបំណងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការធ្វើសមាហរណកម្មនិងការអនុវត្តបច្ចេកវិជ្ជាឌីជីថលនៅក្នុងឧស្សាហកម្មទំនិញប្រើប្រាស់នៅត្រឹមឆ្នាំ ២០២៥ នេះបើយោងតាមផែនការដែលបានចេញផ្សាយរួមគ្នាដោយក្រសួងចំនួនប្រាំ រួមទាំងក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានផងដែរ។
ក្រសួងបាននិយាយថា ការធ្វើសមាហរណកម្មនិងការអនុវត្តបច្ចេកវិជ្ជាឌីជីថលបន្ថែមទៀតនឹងជួយកែលម្អការផ្គត់ផ្គង់ទំនិញប្រើប្រាស់ ពង្រីកខ្សែសង្វាក់ឧស្សាហកម្ម បង្កើនតម្លៃបន្ថែមរបស់ឧស្សាហកម្ម និង លើកទឹកចិត្តសហគ្រាសឱ្យពង្រឹងការច្នៃប្រឌិតឌីជីថលក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងក្នុងការប្រកួតប្រជែងស្នូលរបស់ពួកគេ។
យោងតាមផែនការ ចំនួនក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ ដែលធ្វើឌីជីថលនីយកម្មលើការគ្រប់គ្រងនិងប្រតិបត្តិការរបស់ពួកគេ បំពាក់ឧបករណ៍ឌីជីថលសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍ និងការរចនា និង ណែនាំពាណិជ្ជកម្មអេឡិចត្រូនិកដល់អាជីវកម្មរបស់ពួកគេ គួរតែមានលើសពី ៨០ ភាគរយនៅត្រឹមឆ្នាំ ២០២៥។
ចិនក៏មានបំណងជំរុញរោងចក្រគំរូចំនួន ២០០ សម្រាប់ការផលិតឆ្លាតវៃក្នុងវិស័យដូចជា វាយនភ័ណ្ឌនិងសម្លៀកបំពាក់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិក អាហារ និងថ្នាំពេទ្យក្នុងអំឡុងផែនការនេះផងដែរ។ ចិនក៏មានបំណងបង្កើតទីក្រុងគំរូចំនួន ៥០ ដែលនឹងសម្រេចបាននូវវឌ្ឍនភាពឌីជីថលដ៏គួរឱ្យកត់សម្គាល់ ភាពចម្រុះនៃផលិតផល គុណភាព និងម៉ាកយីហោផងដែរ៕
រូបថតនៅថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២១ បង្ហាញស្វ័យប្រវត្តិកម្មនៅរោងចក្រមួយនៅក្រុងហាងចូវ ខេត្តចឺជាំង