ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកថ្វាយបង្គំព្រះស្លៀកពាក់សមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នាតាមដងផ្លូវនានានៃទីក្រុងមេកា (Mecca)ខណៈទីក្រុងដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាមរៀបចំធ្វើធម្មយាត្រាពិធីបុណ្យហាច (Hajj)ដ៏ធំបំផុតចាប់តាំងពីជំងឺរាតត្បាត។
បដាស្វាគមន៍អ្នកប្រណិបតន៍សាសនាអ៊ីស្លាម រួមទាំងភ្ញៀវអន្តរជាតិដំបូងគេចាប់តាំងពីឆ្នាំ ២០១៩បានព្យួរនៅតាមទីលានសាធារណៈនិងផ្លូវឌឿងហែមខណៈកងកម្លាំងសន្តិសុខប្រដាប់អាវុធល្បាតទីក្រុងបុរាណ ដែលជាស្រុកកំណើតរបស់ព្យាការីម៉ូហាម៉េត។
លោក អាប់ឌែល កាដឺ ខេដឺ (Abdel Qader Kheder)អ្នកហែធម្មយាត្រាជនជាតិស៊ូដង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPក្នុងទីក្រុងមេកាមុនពេលព្រឹត្តិការណ៍ដែលរំពឹងចាប់ផ្តើមនៅថ្ងៃពុធខាងមុខថា “នេះគឺជាសេចក្តីរីករាយដ៏បរិសុទ្ធ។ ខ្ញុំសឹងតែមិនជឿថាខ្ញុំបានមកទីនេះ។ ខ្ញុំរីករាយគ្រប់វិនាទី”។
មនុស្សមួយលាននាក់ រួមទាំងអ្នកមកពីបរទេស ៨៥០.០០០នាក់ ត្រូវបានអនុញ្ញាតក្នុងពិធីបុណ្យហាចនៅឆ្នាំនេះ ដែលជាសសរស្តម្ភសំខាន់នៃសាសនាអ៊ីស្លាមដែលតម្រូវឱ្យប្រជាជនមូស្លីមទាំងអស់ចូលរួមយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត បន្ទាប់ពីផ្អាកដោយសារជំងឺរាតត្បាតអស់រយៈពេលពីរឆ្នាំ៕
មនុស្ស១លាននាក់ចូលរួមពិធីបុណ្យហាចនៅឆ្នាំនេះនៅទីក្រុងមេកាក្រោយផ្អាកអស់ពីរឆ្នាំដោយសារកូវីដ