ដោយៈ ប​.​ខុន / ភ្នំពេញៈ នៅក្នុង​សប្តាហ៍​នេះ ស្ថានភាព​ភ្លៀង​ធ្លាក់​រាយប៉ាយ បាន​វិលត្រឡប់ មក​ល្អប្រសើរ​វិញ បន្ទាប់ពី​ព្យុះ​ទី​៣ រលាយ ព្រម​ពេល​ព្យុះ​ទី​៤ ថយឥទ្ធិពល ខ្យល់មូសុង បាន បង្កើន​ឥទ្ធិពល ក្នុងពេល​ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំ​កឹ​ល​ចុះ ពីលើ​ភាគខាងត្បូង​ប្រទេស​ចិន មក​នៅលើ​ប្រទេស​ថៃ និង ឡាវ នាំឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​បី​មធ្យម ទៅ​បង្គួរ និង​ក៏មាន​កន្លែង​ខ្លះ​ច្រើន ផងដែរ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ស្ថានភាព​ទឹកភ្លៀង នៅក្នុង​សប្តាហ៍​នេះ បាន​ត្រឡប់មក​ធ្លាក់ រាយប៉ាយ​ល្អ​វិញ​ហើយ បន្ទាប់ពី​ព្យុះ​ទី​៣ បាន​រលាយ​ព្រម​ពេល​ព្យុះ​ទី​៤ បាន​ថយឥទ្ធិពល ពេល​ដើរទៅ​ជិត​ដល់​ភាគ​និរតី នៃ​ប្រទេស​ជប៉ុន​។​

​អ្នកនាំពាក្យ និង​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ព្រម​ពេល​ព្យុះ​រលាយ ខ្យល់មូសុង​និរតី ក៏​បង្កើន​ឥទ្ធិពល​មកវិញ ស្របពេល​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កន្លង ទៅ ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​ចិន បាន​រំកិល​ចុះ អាច​មកដល់​ពាក់កណ្តាល​ប្រទេស​ឡាវ នាំឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ និង​កន្លែង​ខ្លះ​ច្រើន ទាំង​នៅក្នុង ប្រទេស​កម្ពុជា ក៏​ដូច​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ នៅក្នុង​សប្តាហ៍​នេះដែរ​អាចមាន​បាតុភូត ថ្មី​មួយទៀត កើតឡើង នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ដើរ​ស្រប​ឆ្នេរ​ប្រទេស​វៀតណាម ឡើង​ទៅលើ (​ពី​ត្បូង​ទៅ​ជើង​) តែ​មិនទាន់​ប្រាកដថា វា​មាន​កម្រិត ជា​សម្ពាធ​ទាប​សកម្ម ឬ​ជា​វិ​សម្ពាធ​នៅឡើយ​ទេ ។ តែ​វា​អាចមាន​អំណោយផល​ទឹកភ្លៀង​ច្រើន​ដល់​ខ្ពង់រាប ភាគ​ឦសាន និង​តំបន់​អាង​ទន្លេមេគង្គ​លើ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៨ ខែមិថុនា បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ស្ថានភាព​ធាតុអាកាស​ធាតុ សម្រាប់​ពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង វៀតណាម ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយទៀត នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​នឹង​វិ​វត្ត​ខ្លួន ជា​បន្តបន្ទាប់ ទៅជា​ព្យុះ​ទី​៣ ដោយមាន​ដំណើរ ឆ្ពោះទៅកាន់​កោះ​ហៃណាំ​។​

​សេចក្តីជូនដំណឹង សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ ក៏​នឹង​អាចមាន​ភ្លៀង​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ​។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា​មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​៕/V​