ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ព្រះសិរីរក្ខិតវស្ស តែម ម៉ាច ព្រះគ្រូចៅអធិការវត្តផ្សារ កណ្ដាល និងជាទីប្រឹក្សាសម្ដេចព្រះមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះអង្គមានសង្ឃដិកាថាៈ សមិទ្ធផលទាំងអស់ ដែលបានកកើតឡើង គឺជាសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទ សប្បុរសជន ក្នុងក្រៅប្រទេស ជាពិសេស អស់លោក លោកស្រី អាជីវករ ក្នុងក្រុងប៉ោយប៉ែត ដែលបានលះបង់កម្លាំង កាយចិត្ត ធនធានថវិកា ដើម្បីជួយ កសាងសមិទ្ធផលជាច្រើន នៅក្នុងវត្ត ។
ព្រះសិរីរក្ខិតវស្ស តែម ម៉ាច បានមានសង្ឃដីកាដូច្នេះ នៅក្នុងពិធីបុណ្យពុទ្ធាភិសេកនិងឆ្លង សំណាក់លោកតាក្រហម នៅវត្តរតនរាម ហៅវត្តផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។
ព្រះតេជគុណ មានសង្ឃដិកាបន្តថាៈ ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២២ នេះការកសាង សមិទ្ធផលទាំងអស់នេះ ត្រូវបានចំណាយអស់ថវិកា ប្រមាណជិត ២០ ម៉ឺនដុល្លារអាម៉េរិក។ដោយសមិទ្ធផលខ្លះ បានសាងសង់រួចរាល់ និងសមិទ្ធផលមួយចំនួន កំពុងសាងសង់ ដូចជា សាលាពុទ្ធិកសិក្សាជាដើម។ ម្យ៉ាងវិញទៀត ព្រះសង្ឃគង់នៅវត្តនេះ មានចំនួនច្រើនអង្គ កំពុងសិក្សារៀនសូត្រ ដូចនេះ ក្នុងនាមជាអ្នកគ្រប់គ្រង ព្រះអង្គ ត្រូវទទួលរ៉ាប់រងលើ ការចំណាយច្រើន ក្នុងមួយថ្ងៃៗ។ ដូច្នេះ ព្រះអង្គ សូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយ និងសប្បុរសជន ពិសេសអាជីវករ ក្នុងក្រុងប៉ោយប៉ែត ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រមទាំងចូលរួមជាសទ្ធាជ្រះថ្លា ជួយកសាង នូវសាលាពុទ្ធិកសិក្សា ដែលជាសាលា សម្រាប់ព្រះសង្ឃ បានរៀនសូត្រផងដែរ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ កោតសសើរដោយស្មោះ ចំពោះ ការចូលរួមជាសទ្ធាជ្រះថ្លា របស់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន ដែលបានរួម សាមគ្គីគ្នា ហើយជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍន៍លើ គ្រប់វិស័យ មិនថា ពុទ្ធចក្រ ឬអាណាចក្រ។
ចុងក្រោយ លោក គាត ហ៊ុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការចាក់វ៉ាក់សាំង ដូសបន្តបន្ទាប់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ចាប់ពីអាយុ ៣ឆ្នាំឡើងទៅ នៅតាមមណ្ឌលសុខភាព ព្រោះថា មេរោគឆ្លងកូវីដ១៩ នេះ នៅមិនទាន់ទៅណាឆ្ងាយ ពីយើងនោះទេ ។ ដូចនេះ សូមប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ទៅតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រោះថា បច្ចុប្បន្ននេះ ប្រទេសយើង នៅមានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍មួយចំនួនឡើងវិញដែរ ៕/V