ដោយ៖តារារិទ្ធ(ភ្នំពេញ) កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីគ្រោងនឹងបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈមួយចំនួន។នេះបើតាមលោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

បៀបវារៈដែលត្រូវលើកយកមកពិភាក្សារួមមាន៖

១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។

២៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

៣៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖

៣.១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ

១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីការលុប បំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

២៖ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធ ត្រួតគ្នានិងការបង្ការការ កិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៣.២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕