​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ទី ៣ ខែកក្កដា​ថា​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​នានា​នៅក្នុង​ប្រទេស​ចិន​បានចាប់ផ្តើម​ទទួល​​យក​ការបង់ប្រាក់​សម្រាប់​ផ្ទះ​គិត​ជា​ឪឡឹក ផ្លែ​សារី និង​កសិផល​ផ្សេងទៀត ខណៈ​ពួកគេ​ព្យាយាម​ទាក់ទាញ​អ្នកទិញ ដែល​រួញរា​ក្នុង​ចិត្ត​ដោយ​ការធ្លាក់ចុះ​ទីផ្សារ​អចលនទ្រព្យ​។​

​ទីផ្សារ​លំនៅដ្ឋាន​របស់​ចិន​ត្រូវ​បាន​វាយ​សំពង​យ៉ាង​ដំណំ​ដោយ​កំណើនសេដ្ឋកិច្ច​យឺតយ៉ាវ​និង​វិបត្តិ​បំណុល​ដែល​បង្កឡើង​ដោយ​ការហាមឃាត់​របស់​រដ្ឋាភិបាល​លើ​ក្រុមហ៊ុន​សាងសង់​ក្នុង​ការទទួលយក​​ប្រាក់​បង់​ជា​មុន មុន​ពេល​ការសាងសង់​ចាប់ផ្តើម​។​

​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​នៅក្នុង​ទីក្រុង​ណាន​ជី​ង​ភាគ​ខាងកើត​បាន​និយាយថា ខ្លួន​នឹង​ទទួលយក​ឪឡឹក​ដែល​មាន​តម្លៃ​រហូត​ដល់ ១០ ម៉ឺន​យ័ន​ជា​ការទូទាត់​ពី​កសិករ​ក្នុងស្រុក នេះ​បើ​តាម​ការរាយការណ៍​​របស់​ទស្សនា​វ​ដ្តី​រដ្ឋ China News Weekly ។​

​ទស្សនាវដ្ដី​នេះ​បាន​និយាយថា នៅ​ទីក្រុង​វូ​ស៊ី (Wuxi) ស្ថិតនៅ​ក្បែរ​ទីក្រុង​ណាន​ជី​ង ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ទៀត​កំពុង​ទទួលយក​ផ្លែ​សារី​ជា​ការទូទាត់​។​

​អ្នកទិញ​ផ្ទះ​នៅក្នុង​ស្រុកឈី ដែល​ជា​តំបន់​ផលិត​ខ្ទឹម​ដ៏​ធំ​នៅ​ខេត្ត​ហឺ​ណាន ភាគ​កណ្តាល​ប្រទេស​ចិន អាច​ដោះដូរ​ផលិតផល​របស់​ពួកគេ​ក្នុង​តម្លៃ​ទីផ្សារ ដើម្បី​ទូទាត់​ការបង់​រំលស់​ផ្ទះ​របស់​ពួកគេ​។​

​ការទទួលយក​ដំណាំ​ក្នុងតម្លៃ​អតិផរណា​បែប​នេះ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ផ្តល់​ការបញ្ចុះ​តម្លៃ​ទាប​ជាង​ការអនុញ្ញាត​ដោយ​រដ្ឋបាល​ក្នុង​តំបន់​ខណៈ​វាយលុក​ចូលទៅ​ក្នុង​ទីផ្សារ​ដែល​មិន​ពុំ​សូវ​​មាន​អ្នកទិញ​។​

​ក្រុមហ៊ុន​សាងសង់​ផ្ទះ Central China Management បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​កាលពី​ចុងខែ​ឧសភា​ថា “​ក្នុងឱកាស​នៃ​រដូវ​កាល​ខ្ទឹម​ថ្មី​ក្រុមហ៊ុន​បាន​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ម៉ឺងម៉ាត់​​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ដាំ​ខ្ទឹម​នៅក្នុង​ស្រុកឈី​។ យើង​កំពុង​ជួយ​កសិករ​ដោយ​ក្តីស្រឡាញ់ និង​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​ពួកគេ​ក្នុង​ការទិញ​ផ្ទះ​”​។​

​ក្រុមហ៊ុន​បាន​បន្ថែមថា ផ្ទះ​ប្រហែល ៣០ ភាគរយ​បាន​លក់​ចេញ ចាប់តាំងពី​យុទ្ធនាការ​ខ្ទឹម​បានចាប់ផ្តើម​៕

​មាន​ឪឡឹក​ក៏​អាច​ទូទាត់​ទិញ​ផ្ទះ​បាន​ដែរ