ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ ឱ្យ​គណបក្សនយោបាយ ដែល​ឈ្នះឆ្នោត ក្នុងការ​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ទាំង ១០៩ ឃុំ សង្កាត់ រួមសហការ​ធ្វើ​ការងា​រ​បម្រើ​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត​ទាំងអស់គ្នា​។​

​ការអំពាវនាវ​របស់​លោក​អភិបាលខេត្ត​កំពង់ចាម ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក បាន​អញ្ជើញ​ចូលរួម​ប្រកាស​សុពលភាព របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​សាលាសង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៤ កក្កដា​នេះ​។​

​លោក​បាន​មានប្រសាសន៍ថាៈ សូមជួយ​បម្រើ ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត​វិញ កុំ​លើក​ហេតុផល រឿង​គណបក្ស​ណា ដែល​នឹង​បង្កឱ្យមាន​ការបែកបាក់​គ្នា ពិសេស​កុំ​លាប​ពណ៌​គ្នា កុំ​យក​កំហឹង​មក​ដោះស្រាយ គឺ​រួមគ្នា​ដោះស្រាយ និង​សហការ ធ្វើ​ការងារ​។ ជាពិសេស ពាក់ព័ន្ធ​ការងារ​មួយចំនួន គឺ​សូម​រួមគ្នា​ខិតខំ​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ គឺ​នៅក្នុង​កម្រិត​ឃុំ សង្កាត់ មាន​សេវា​អ្វីខ្លះ ដែល​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ បានធ្វើ​ប្រតិភូកម្ម​មកឱ្យ​នោះ​។​

​លោក​បាន​បន្ថែមថាៈ សេវាសាធារណៈ គឺ​ផ្តល់​រួមទាំង​អស់ មាន​តាំងពី​សេវា​រដ្ឋបាល ក៏មាន នៅក្នុង​នោះដែរ សេវា​អភិវឌ្ឍន៍ សេវា​សន្តិសុខ សេវា​សុខាភិបាល ជាដើម​…​។ អីចឹង​សម្រាប់ តួនាទី​ឃុំ សង្កាត់ គឺ​សង្កត់ធ្ងន់​ជាងគេ គឺ​ការផ្តល់សេវា​រដ្ឋបាល​ដែលមាន ព្រោះថា នៅ​ឃុំ សង្កាត់ មិនទាន់មាន​ទេ ច្រកចេញចូល​តែមួយ គឺមាន​ត្រឹម​ស្រុក ក្រុង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការអនុវត្ត ការងារ ទៅតាម​យន្តការ​នោះ​ហើយ តែ​នៅក្នុង​លទ្ធភាព ការធ្វើប្រតិភូកម្ម​ការ​ងារ គឺ​សិទ្ធិអំណាច​របស់​យើង មាន​កម្រិត នៃ​ការផ្តល់សេវា គឺ​សុំឱ្យ​មានការ​ទទួលខុសត្រូវ ចំពោះ​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត​។​

​សូម​រំលឹកថា លទ្ធផល​បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ជា​ផ្លូវការ កាលពី​ថ្ងៃទី​៥ មិថុនា កន្លងទៅ គឺមាន​គណបក្សនយោបាយ ចំនួន ប្រាំ បានទទួល​អាសនៈ ចំនួន ៨១៧ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​ចំនួន ៦១៦ អាសនៈ​, គណបក្ស​ភ្លើងទៀន បានទទួល ចំនួន ១៩៦ អាសនៈ​, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បានទទួល​ចំនួន ៣ អាសនៈ​, គណបក្ស​យុវជន បានទទួល​ចំនួន ១ អាសនៈ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានទទួល​ចំនួន ១ អាសនៈ​៕/V​