ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កងនាវាចរណ៍ទី៥ដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ារបស់កងទ័ពជើងទឹកអាម៉េរិកកំពុងចាប់ផ្តើមផ្តល់រង្វាន់សម្រាប់ព័ត៌មានដែលអាចជួយពួកនាវិកស្ទាក់ចាប់អាវុធ គ្រឿងញៀន និងការដឹកជញ្ជូនខុសច្បាប់ផ្សេងទៀតនៅទូទាំងតំបន់ ចំពេលមានភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបំពាក់អាវុធដល់ពួកឧទ្ទាមហ៊ូធី (Houthi) របស់យេម៉ែន។
ខណៈបញ្ចៀសការនិយាយចំឈ្មោះអ៊ីរ៉ង់ ការសម្រេចចិត្តរបស់កងនាវាចរណ៍ទី៥ក្នុងការផ្តល់សាច់ប្រាក់និងទំនិញផ្សេងទៀតសម្រាប់ការស៊ើបការណ៍សម្ងាត់នៅឈូងសមុទ្រពែក្សនិងផ្លូវទឹកយុទ្ធសាស្ត្រផ្សេងទៀត អាចបង្កើនសម្ពាធលើលំហូរនៃអាវុធទៅកាន់ក្រុមហ៊ូធី ខណៈបទឈប់បាញ់ដ៏ផុយស្រួយនៅតែកំពុងអនុវត្តនៅក្នុងប្រទេសយេម៉ែន។
ពួកហ៊ូធីបានគំរាមកំហែងរួចហើយដល់ក្រុមការងារសម្ពន្ធមិត្តថ្មីមួយ ដែលរៀបចំដោយកងនាវាចរណ៍ទី៥ នៅសមុទ្រក្រហមប៉ុន្តែមិនទាន់មានការវាយប្រហារណាមួយដោយកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់មកលើកងទ័ពជើងទឹកអាម៉េរិកនៅឡើយទេ។
ទន្ទឹមនឹងនេះដែរ កងនាវាចរណ៍ទី៥ បាននិយាយថា ខ្លួននិងដៃគូបានរឹបអូសថ្នាំញៀនតម្លៃ៥០០ លានដុល្លារតែក្នុងឆ្នាំ ២០២១ ដែលនេះជាចំនួនច្រើនជាងបួនឆ្នាំមុនៗរួមបញ្ចូលគ្នាទៅទៀត។កងនាវាចរណ៍ទី៥ ក៏បានស្ទាក់ចាប់អាវុធចំនួន ៩.០០០ ដើមក្នុងរយៈពេលដូចគ្នានេះផងដែរ ពោលគឺស្មើនឹងបីដងនៃចំនួនអាវុធដែលរឹបអូសបានក្នុងឆ្នាំ ២០២០។
ប្រាក់រង្វាន់ផ្តល់ជូនគឺ ១០០.០០០ ដុល្លារ ឬ យានជំនិះ ទូក ឬ អាហារ ដែលមានតម្លៃស្មើ៕
ឧទ្ធម្ភាគចក្រអាម៉េរិកហោះសំកាំងលើទូកដឹកអាវុធមួយនៅសមុទ្រអារ៉ាប់កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០២១