​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ : លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្តកំពង់ធំ បាន​ថ្លែងថា ប្រធាន​ក្រុមប្រឹក្សាឃុំ មេឃុំ និង​សមាជិក សមាជិកា គ្រប់​រួប ដែល​បាន​ទទួលបាន​តួនាទី​ថ្មី​នេះ សូមកុំ​យក​ភារកិច្ច តូ​នាទី​របស់ខ្លួន ធ្វើជា​ចៅហ្វាយ​រាស្ត្រ​ជាដាច់ខាត ហើយ​បំពេញ​កិច្ចការងារ ឱ្យ​ល្អ​រហ័សរហួន ជូន​ប្រជាពលរដ្ឋ ក្នុង​មួលដ្ឋាន ឱ្យ​ខ្ជាប់ខ្ជួន​។​

​លោក​បាន​ថ្លែង​បែបនេះ នាឱកាស​ប្រកាស​សុពលភាព ក្រុមប្រឹក្សាឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ នា​រសៀល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​បរិវេណ​សាលា ឃុំ​សាលា​វិស័យ ស្ថិតក្នុង​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលស្រុក មេបញ្ជាការ មេបញ្ជាការរង កងកំលាំង​ទាំងបី និង​សមាជិក សមាជិកា សរុប​ប្រមាណ ៣០០ នាក់​។​

 

​លោក ព្រឹម រដ្ឋា បាន​បន្តថាៈ ការផ្ដល់​សេវាសាធារណៈ លើ​គ្រប់​វិស័យ ជូន​ប្រជាពលរដ្ឋ គឺជា​តួនាទី និង​ការទទួលខុសត្រូវ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​តួនាទី និង​ការទទួលខុសត្រូវ សំខាន់ៗ​នានា របស់​រដ្ឋបាល​ឃុំ សង្កាត់ នីមួយៗ ដើម្បី​ឆ្លើយតប​នឹង​ដោះស្រាយ នូវ​សំណើ សំណូមពរ និង​តម្រូវ​ការចាំបាច់​នានា របស់​ប្រជាពលរដ្ឋ​។

ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព នៃ​ការផ្ដល់សេវា​នានា នៅ​មូលដ្ឋាន បញ្ហា​គន្លឹះ​សំខាន់ គឺ​ការបំពេញ​តួនាទី ភារកិច្ច​របស់​តួអង្គ​ស្នូល​សំខាន់​ចំនួន​៥ គឺៈ ១ មេឃុំ​,​ចៅសង្កាត់ ២ ស្មៀនឃុំ​, សង្កាត់ ៣. ប៉ុស្តិ៍នគរបាល​, រដ្ឋបាល​ឃុំ​សង្កាត់​, ៤​មណ្ឌល​សុខភាព ឬ​ប៉ុស្ដិ៍​សុខភាព និង ៥. មេភូមិ​។​

​លោក ព្រឹម រដ្ឋា បាន​បន្តទៀតថាៈ ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម ធ្វើ​សកម្មភាព​គាំទ្រ គណបក្សនយោបាយ​ផ្សេងៗ​គ្នា ដែល​បាន​ប្រកួតប្រជែង​គ្នា ក្នុងពេល​បោះឆ្នោត មិនត្រូវ​ធ្វើការ​បែងចែក ការគុំកួន ការរើសអើង​ខាង​នយោបាយ​ដាក់គ្នា​ឡើយ​។ ក្រោយ​ការបោះឆ្នោត ប្រជាពលរដ្ឋ ដែល​មកពី​គ្រប់​និន្នាការ​នយោបាយ ត្រូវ​រួម​សាមគ្គី សហការគ្នា ជួយឧបត្ថម្ភ​គាំទ្រ​គ្នា ទៅវិញទៅមក ឲ្យ​បានល្អ ទៅតាម​សហគមន៍​មូលដ្ឋាន​នានា និង​ត្រូវ​សហការ​ចូលរួម​ជាមួយ​ក្រុមប្រឹក្សាឃុំ​ជាប់ឆ្នោត ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្តទៀត​។​

 

​លើសពីនេះ​ទៀត លោក​អភិបាលរង​ខេត្តកំពង់ធំ សូម​ស្នើ​ក្រុមប្រឹក្សាឃុំ​ជាប់ឆ្នោត​ថ្មី គណបក្សនយោបាយ​នានា និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​រួមគ្នា លើកកម្ពស់​វប្បធម៌ នៃ​លទ្ធិប្រជាធិបតេយ្យ សិរី​ពហុបក្ស ដើម្បី​រស់នៅ និង​បំពេញការងារ​រួមគ្នា ប្រកបដោយ​ភាព សុខដុមរមនា​ក្នុងសង្គម សម្រាប់​ជា​មូលដ្ឋាន ក្នុង​ការធានា​ចីរភាព ដំណើរការ​នៃ​លទ្ធិ ប្រជាធិបតេយ្យ សេរី​ពហុបក្ស ការបោះឆ្នោត និង ការអភិវឌ្ឍ​សង្គម ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ រីកចម្រើន​បន្តទៀត​។​

​ជាមួយគ្នានេះ លោក ជិន ហ៊ី​ន ដែលជា​មេឃុំ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង នាពេលនេះ បាន​ប្ដេជ្ញា​គោរព​អនុវត្ត​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​នានា និង​ច្បាប់​បទដ្ឋាន បទបញ្ជាផ្ទៃក្នុង សារាចរ អនុសាសន៍ សេចក្តីណែនាំ ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ថ្នាក់លើ​គ្រប់​ជាន់ថ្នាក់ ដាក់ឱ្យអនុវត្ត​។ ស្មោះត្រង់​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ បុគ្គលិក មន្ត្រីរាជការ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា​។ ខិតខំ​ពង្រឹង​បទបញ្ជាផ្ទៃក្នុង របស់​ក្រុមប្រឹក្សាឃុំ និង​រក្សា​សាមគ្គីភាព ផ្ទៃក្នុង ក្រុមប្រឹក្សាឃុំ​ស្មៀន ជំនួយការ​ថ្នាក់ដឹកនាំ​ភូមិ ឲ្យ​បានល្អ​ជានិច្ច​។ យកចិត្តទុកដាក់ បំពេញភារកិច្ច ក្នុងការ​បម្រើសេវា​សាធារណៈ ជាពិសេស​សេវា​តម្រូវការ សេវា​សំណូមពរ ជូន​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​អាច​ទទួលបាន ការជឿទុកចិត្ត និង​មាន​កម្លាំង​ភាព​គណនេយ្យភាព និង​ភាព​ទទួលខុសត្រូវ​។ ម្យ៉ាងវិញទៀត ទទួល​នូវ​រាល់​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ការឱ្យ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដោយ​យក​នីតិវិធី​ច្បាប់​ជា​គោល​ក្នុងការ​ដោះស្រាយ សម្របសម្រួល និង​គោរព​តាម​ការ​យោគ យល់ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដោយ​រក្សា​ផលប្រយោជន៍ ជូន​ប្រជាពលរដ្ឋ​ជាធំ​៕/V​