ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោក ងួន រតនៈ អបអរសាទរ​ដល់​ស​មា​ជិ​ក​ក្រុមប្រឹក្សា​សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង នៃ​សង្កាត់​អាចារ្យ​លាក់ អាណត្តិ​ទី​៥ ដែល​បានទទួល​នូវ ការស្រឡាញ់ ពេញចិត្ត និង​ការគាំទ្រ ពី​សំណាក់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងមកនេះ ដើម្បី​បន្ត​ដឹកនាំ​សង្កាត់​អាចារ្យ​លាក់ ឲ្យ​បន្ត​អភិវឌ្ឍន៍​រីកចម្រើន លើ​គ្រប់​វិស័យ​ជា​បន្ថែមទៀត​។​

​ក្នុងឱកាស​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អាចារ្យ​លាក់ អាណត្តិ​ទី​៥ ក្នុង​ក្រុង​ស្ទឹងសែន នា​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ នេះ លោក​អភិបាល​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថាៈ ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា ក៏ដូចជា​ចៅសង្កាត់ ចៅសង្កាត់រង ដែល​បាន​ជាប់ឆ្នោត ទោះបី​មាន​សមាសភាព មកពី​គណបក្សនយោបាយ​តែមួយ ឬ​គណបក្សនយោបាយ​ផ្សេងៗ​គ្នា ក៏ពិតមែន ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​គោលនយោបាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា របស់​រាជរដ្ឋាភិបាល រួមទាំង ការធានាបាន នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​ការយោគយល់​គ្នា នៅក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន​។ លើសពីនេះ​ទៀត សមាជិក​ក្រុមប្រឹក្សា ត្រូវខិតខំ​បំពេញ​តួនាទី ភារកិច្ច ក្នុងការ​គ្រប់គ្រង ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ប្រជាពលរដ្ឋ និង​បម្រើ​ផលប្រយោជន៍ ព្រមទាំង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរឡើង និង​ប្រកបដោយ​សមធម៌ បរិ​យា​ប័ន្ន និង​មាន​ចីរភាព ដើម្បី​ឈាន​ឆ្ពោះទៅ​រួមចំណែក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​បាន​ជាប់ឆ្នោត នៅក្នុង​អាណត្តិ​ទី​៥​នេះ ត្រូវ​បន្ត​និរន្តរភាព​នៃ​ការដឹកនាំ គ្រប់គ្រង​និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ក្នុង​អាណត្តិ ៥ ឆ្នាំ​បន្តទៀត និង​បន្ត​អនុវត្ត​ការងារ​គ្រប់គ្រង និង​ការអភិវឌ្ឍ​មូលដ្ឋាន ពី​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ចាស់ សំដៅ​ធានាឱ្យមាន​និរន្តរភាព ក្នុង​កិច្ចការរដ្ឋបាល និង​ការផ្តល់សេវា ព្រមទាំង​ការអភិវឌ្ឍ នៅ​មូលដ្ឋាន​ជា​បន្តទៀត ហើយ​សមាជិក​ក្រុមប្រឹក្សា សង្កាត់ អាណត្តិ​ថ្មី​ទាំងអស់ សូម​ផ្តោត​ការយកចិត្តទុកដាក់ លើ​វិស័យ​ជា​អាទិភាព​មួយចំនួន ដែលមាន​ផលប៉ះពាល់​ផ្ទាល់ មកលើ​តម្រូវការ​ជាក់ស្ដែង និង​ជាបន្ទាន់​របស់​ប្រជាពលរដ្ឋ មូលដ្ឋាន ជាពិសេស គ្រួសារ​ក្រីក្រ ជន​ងាយ​រងគ្រោះ គ្រួសារ​យោធិន​ពលី​ពិការ ស្ត្រី​ម៉េ​ម៉ា​យ កុមារ យុវជន ជនជាតិដើម​ភាគតិច មានដូចជា សេវា​ទាក់ទង​នឹង​សុខភាព អប់រំ កសិកម្ម ការកែលម្អ​បរិស្ថាន និង​សេវា​សង្គម ផ្សេងៗ​ទៀត​។ ក្រៅពីរ​នេះ ក៏ត្រូវ​ពិចារណា​ផងដែរ អំពី​តម្រូវការ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ប្រឡាយទឹក អណ្តូងទឹក ស្រះ​ទឹក ជាដើម​។​ល​។​

​លោក ងួន រតនៈ បាន​បន្ថែមទៀតថាៈ បន្ទាប់​ពីថ្ងៃ​កិច្ចប្រជុំ​ប្រកាស​សុពលភាព​នេះ​តទៅ កិច្ចការ​អាទិភាព​ទី​១ របស់​ក្រុមប្រឹក្សា សង្កាត់​អាណត្តិ​ថ្មី គឺ​ត្រូវ​ពិនិត្យ​រៀបចំ និង​អនុម័ត​ដីកា ស្តីពី​បទបញ្ជាផ្ទៃក្នុងរ​បស់​ខ្លួន ដែលជា​វិធាន កំណត់ អំពី​កិច្ចប្រជុំ និង​របៀបរបប​ធ្វើ​ការងារ របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​គណៈកម្មាធិការ​នា​នា របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​ជួបប្រជុំគ្នា ដើម្បី​ពិនិត្យមើល​គម្រោង​អភិវឌ្ឍន៍​និង​គម្រោង​សេវាកម្ម​នានា ដែល​នៅ​សេសសល់​ពី​អាណត្តិ​មុន​។​

​ជា​ចុងក្រោយ លោក ងួន រតនៈ បាន​ផ្តាំផ្ញើ​ដល់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ចៅសង្កាត់ ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន និង​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​អប់រំ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន ឱ្យ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ “៣​កុំ ៣​ការពារ​” ឱ្យបាន​ជាប់​ជាប្រចាំ ខិតខំ​ណែនាំ និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ ដែល​ពុំទាន់​បាន​ចាក់ វ៉ាកសាំង កូ​វីដ​-១៩​ដូ​ស​ជំរុញ ( ដូ​ស​ទី​៣ ទី​៤ និង​ទី​៥) ឱ្យទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្ការ និង​ទប់ស្កាត់ ការផ្ទុះ​ឆ្លង​រាតត្បាត​ឡើងវិញ ក្នុង​សហគមន៍ ដែល​ធ្វើឱ្យប៉ះពាល់ ដល់​សុខភាព​សាធារណៈ និង​សកម្មភាព​សេដ្ឋកិច្ចសង្គម ដែល​កំពុងដំណើរការ​ពេញលេញ ក្នុងពេល​បច្ចុប្បន្ន​៕/V​