ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ជីវីតគឺជាទ្រព្យដ៏មានតម្លៃបំផុត សម្រាប់មនុស្សគ្រប់រូប។ ដូច្នេះការការពារអាយុជីវិតប្រជាពលរដ្ ជាអាទិភាពពិសេស សំខាន់ចាំបាច់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ។ ទោះបីមានបញ្ហាប្រឈមជាច្រើន ក៏រាជរដ្ឋាភិបាល បានខិតខំតស៊ូយកឈ្នះ គ្រោះវិបត្តិនេះ រហូតជោគជ័យ គួរជាទីមោទនៈ តាមរយៈការស្រោចស្រពវ៉ាក់សាំង នៅប្រទេស ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាលរបស់រដ្ឋ នៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គី កសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។
លោកហ៊ុន ម៉ាណែត បានបន្តថាៈ ការគ្រប់គ្រងស្ថានការណ៍ ប្រកបដោយជោគជ័យនេះ ក៏មិនអាចខ្វះបាន ពីការចូលរួមរបស់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ រួមទាំងកងទ័ពអាវស ព្រមជាមួយនឹងការចូលរួម ប្រកបដោយជំនឿជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការអនុវត្តនូវរាល់ការណែនាំរបស់ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តការចូលរួមក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសជម្រុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់គ្នា ដើម្បីបន្តភាពស៊ាំសហគមន៍ ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងនិរន្តរភាព៕/V