​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ ព្រះពុទ្ធសាសនា មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​ការកសាង​សង្គម​ខ្មែរ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។ ក្នុង​រយៈកាល​កន្លងមក​នេះ រាជរដ្ឋាភិបាល តែង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ដែល​បានផ្តល់​ជា​ផល​លាភ ជូន​ប្រជាជន​នៅ​ទូទាំងប្រទេស បាន​ប្រើប្រាស់​។ ក្នុងនោះ ការរីកចម្រើន នៃ​ពុទ្ធិក​សាកលវិទ្យាល័យ គឺជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់ឱកាស ដល់​កូនចៅ​ប្រជាពលរដ្ឋ ក្នុងការ​ទទួលបាន​ចំណេះដឹង ដើម្បី​ក្លាយជា​ធនធានមនុស្ស ពោរពេញ​ដោយ​សមត្ថភាព និង​ផលិតភាព​ខ្ពស់ សម្រាប់​ទីផ្សារការងារ ដ៏​សម្បូរបែប ស្រប​ពេលដែល​កម្ពុជា កំពុង​ខិតខំ​ពង្រឹង និង​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច របស់ខ្លួន ឈានឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​បែប​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ដែលមាន​តម្រូវការ​ខ្ពស់ នូវ​ធនធានមនុស្ស​ជំនាញ​បច្ចេកទេស​។ ការបញ្ជាក់​នេះ ក្នុង​ពិធី​បញ្ចុះបឋមសិលា និង​បុណ្យផ្កា​សាមគ្គី​កសាង​អគារសិក្សា​ពុទ្ធិក សាកលវិទ្យាល័យ ព្រះ​សីហមុនី​រាជា ស្ថិតក្នុង​វត្ត​ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ ។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថាៈ សាសនា​ទាំងអស់ គឺ​អប់រំ​មនុស្ស​ឱ្យ​រស់នៅ​ប្រក​ដោយ​ធម៌ និង​ផ្តល់នូវ​ពុទ្ធិ បញ្ញាញាណ ដោយ​បែងចែក រវាង​អំពើអាក្រក់ និង​អំពើ​ល្អ ដើម្បី​ចៀសវាង ការប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​ក្នុង​ផ្លូវខុស ដែល​អាច​ប្រែ​ក្លាយទៅជា​ការបំផ្លិចបំផ្លាញ ទៅវិញ​។​

​លោក​បាន​បន្តទៀតថាៈ ការពង្រឹង​ផ្នែក​ពុទ្ធចក្រ មិនមែន​ពង្រឹង​តែ​ខាង​សាសនា​នោះទេ ប៉ុន្តែ​ជាការ​ពង្រឹង និង​បណ្តុះបណ្តាល​ធនធានមនុស្ស ដែលមាន​សមត្ថភាព ប្រកបដោយ​សីលធម៌ និង​គុណធម៌​។ ព្រះពុទ្ធសាសនា គឺជា​មូលដ្ឋាន​ក្នុង​ការអប់រំ​ផ្នត់គំនិត ឱ្យ​មនុស្ស​ប្រព្រឹត្ត នូវ​អំពើ​ជា​កុសល ហើយ​អ្វីដែល​សំខាន់​ផងដែរ​នោះ គឺ​ការយកចិត្តទុកដាក់ លើ​ការពង្រឹង​ឆន្ទៈ គុណធម៌ សីលធម៌ ស្មារតី​គោរព​ច្បាប់ ព្រមទាំង​ការយល់ដឹង អំពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ជាតិ ឱ្យដល់​កុលបុត្រ កុលធីតា​ជា​សិស្ស​-​និស្សិត ដើម្បីឱ្យ​ពួកគេ​ក្លាយ ជា​មិត្ត​ល្អ កូន​ល្អ និង​ពលរដ្ឋ​ល្អ សម្រាប់​សង្គមជាតិ ជាពិសេស​ក្នុង​បរិការណ៍ នៃ​ការរីកចម្រើន ជឿនលឿន ផ្នែក​បច្ចេកវិទ្យា ដូច​ពេលបច្ចុប្បន្ន ដែល​ទន្ទឹមនឹង​ការ​ផ្តល់នូវ​ចំណុច​វិជ្ជមាន​ជាច្រើន ប៉ុន្តែ​ក៏បាន​នាំមក​នូវ​ចំណុច​អវិជ្ជមាន​មួយចំនួន​ផងដែរ ដូចជា បញ្ហា​ព័ត៌មាន​មិន​ពិត និង​អំពើ​ល្មើស​ផ្សេងៗ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ជាដើម​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​មោទនភាព​ចំពោះ ការរីកចម្រើន​ជា​លំដាប់​របស់ “​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះ​សីហមុនី​រាជា​” ដែល​បានចាប់ផ្តើម​បើក​ដំណើរការ នា​ខែធ្នូ ឆ្នាំ​២០០៤ ជា​ពុទ្ធិកមហាវិទ្យាល័យ ហើយ​បាន​វិ​វ​ឌ្ឍ​ជា​ពុទ្ធិក​សាកលវិទ្យាល័យ នា​ខែកក្កដា ឆ្នាំ​២០០៧ ដោយបាន​ចូលរួម ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​សមណ​និស្សិត និង​និស្សិត ទាំង​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​ជាច្រើន​ម៉ឺន​អង្គ​/​នាក់​ឱ្យ​ក្លាយជា​បណ្ឌិត​បញ្ញវ័ន្ត ដែលជា​មូលធន​មនុស្ស​ដ៏​ចាំបាច់ សម្រាប់​ដំណើរ​ការកសាង​អភិវឌ្ឍន៍​សង្គមជាតិ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ និង​សូម​ចូលរួម​អបអរសាទរ និង​អនុមោទនា​ត្រេកអរ ចំពោះ​ការបញ្ចុះ​បឋមសិលា អគារសិក្សា​ថ្មី ១ ខ្នង​ទៀត ដែលមាន​កម្ពស់ ៩ ជាន់ ស្មើនឹង ៤៥ បន្ទប់ បន្ថែមទៀត ដើម្បី​បំពេញ​ឱ្យ​តម្រូវការ​ការងារ របស់​ពុទ្ធិក​សាកលវិទ្យាល័យ និង​កំណើន របស់​សមណ​និស្សិត និង​និស្សិត​។ ពិតណាស់ សមិទ្ធផល​កើតមាន​នៅថ្ងៃនេះ គ្រាន់តែ​ជា យន្តការ​ថ្នាល នៃ​ដំណើរការ​តែប៉ុណ្ណោះ ប៉ុន្តែ​ផ្លែផ្កា​ចុងក្រោយ នឹង​រីក​ធំធាត់​ដោយ​ផ្តល់​ជា​ផល និង​ផ្លែផ្កា​នៅក្នុង​សង្គម​។ ជាមួយគ្នានេះ ក៏​សូម​អបអរសាទរ​ដល់ ពុទ្ធិក​សាកលវិទ្យាល័យ ព្រះ​សីហមុនី​រាជា ដែល​កាលពី​ចុងខែ​មិថុនា កន្លងទៅ​ថ្មីៗ​នេះ បានទទួល​ជោគជ័យ ក្នុង​ការចុះ​ប​ញ្ចី​ជា​សមាជិកសមាគម​សាកលវិទ្យាល័យ​អន្តរជាតិ (International Association of Universities)៕/V​