ប្រែសម្រួលៈបំណង(ដេល្លីម៉េល,អេភី)៖ខ្មាន់កាំភ្លើងម្នាក់បានបាញ់ចេញពីដំបូលផ្ទះទៅលើការដង្ហែក្បួនអបអរទិវាឯករាជ្យអាម៉េរិកថ្ងៃ៤ កក្កដា នៅទីក្រុងស៊ីកាហ្គោកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងតិច៦នាក់និងរបួសយ៉ាងតិច៣០នាក់ ព្រមទាំងបញ្ជូនអ្នកចូលរួមនិងអ្នកឈរមើលរាប់រយនាក់រត់ភៀសខ្លួនប្រាសយកអាយុទាំងភ័តតក្កមា។
ជនសង្ស័យនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេនៅប៉ុន្មានម៉ោងក្រោយមកនៅពេលសមត្ថកិច្ចស្វែងរកពេញតំបន់កើតហេតុ។
មេប៉ូលិសសង្កាត់ហាយលែនផាក(Highland Park)លោក ឡូ ចូកមិន (Lou Jogmen)បាននិយាយកាលពីរសៀលថ្ងៃចន្ទថា ប៉ូលិសបានកំណត់អត្តសញ្ញាណបុរសអាយុ២២ឆ្នាំ ឈ្មោះរ៉ូប៊ឺតអ៊ី. គ្រីម៉ូ ទ្រី(Robert E. Crimo III)ជាជនសង្ស័យនិងត្រូវប្រុងប្រយ័ត្ន ដោយសារជននេះត្រូវគេគិតថាមានអាវុធនិងគ្រោះថ្នាក់។ទោះជាយ៉ាងណាប៉ូលិសបានបដិសេធមិនព្រមឆ្លើយនឹងសំណួរថាតើគេកំណត់ជនឈ្មោះគ្រីម៉ូនេះជាជនសង្ស័យដោយហេតុផលអ្វី។
អាជ្ញាធរបានពណ៌នារថយន្តរបស់ជនសង្ស័យជាហុងដាពណ៌ទឹកប្រាក់ ជាមួយនឹង ស្លាកលេខDM 80653។
ការបាញ់ប្រហារក្នុងទិវា៤កក្កដានេះជាហេតុការណ៍សោកនាដកម្មដោយកាំភ្លើងចុងក្រោយមួយដែលបំផ្លាញជីវិតអាម៉េរិក។សាលារៀន ព្រះវិហារ ហាងទំនិញនិងឥឡូវការដង្ហែក្បួនសហគមន៍សុទ្ធតែក្លាយជាកន្លែងពិឃាតនៅប៉ុន្មានខែចុងក្រោយនេះ។ពេលនេះ ការបង្ហូរឈាមកើតឡើងនៅពេលប្រជាជាតិអបអរកំណើតរបស់ខ្លួនព្រមទាំងចំណងដែលចងអាម៉េរិកអោយរួបរួមគ្នា។
អភិបាលក្រុង លោកស្រី ណាន់ស៊ី រ៉ូធឺរីង(Nancy Rotering )បាននិយាយថា អំពើហិង្សាបាន«អង្រួនស្នូលរបស់យើង នៅថ្ងៃដែលយើងទាំងអស់គ្នាអបអរសហគមន៍ភាពនិងសេរីភាពរបស់យើង។យើងបែរជាកាន់មរណទុក្ខនិងតស៊ូនឹងភេរវកម្មដែលធ្លាក់មកលើពួកយើង»។
ការបាញ់ប្រហារនេះកើតឡើងនៅក្នុងផ្លូវដង្ហែក្បួន កន្លែងដែលអ្នកស្រុកអាចមើលឃើញទដ្ឋភាពទាំងមូលបានល្អ។ស្នូរកាំភ្លើងបានបញ្ជូនអ្នកចូលរួម ព្រមទាំងអ្នកទៅមើលដោយខ្លះមានប្រឡាក់ឈាមផងរត់ប្រាសអាយុរៀងៗខ្លួន។
ផ្លូវបែកជាបួន កន្លែងដែលខ្មាន់កាំភ្លើងបាញ់ពីដំបូងអាគារលើក្បួនដង្ហែ
ប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃចន្ទបាននិយាយាថា លោកនិងជំទាវទីមួយ ជីល បៃដិន «មានការរន្ធត់ចិត្តចំពោះអំពើហិង្សាដោយកាំភ្លើងដ៏គ្មានន័យដែលនាំទុក្ខសោកជាថ្មីដល់សហគមន៍អាម៉េរិកនៅចំទិវាឯករាជ្យជាតិ»។លោកបានស្នើទៅផ្នែកអនុវត្តច្បាប់សហព័ន្ធជួយស្វែងរកជនបាញ់ប្រហារ ដែលកំពុងនៅគេចខ្លួននៅឡើយនាពេលនេះ។
ប៉ូលិសជឿថា មានអ្នកបាញ់ប្រហារតែម្នាក់ តែបានព្រមានថាជននេះអាចនៅមានអាវុធនិងគ្រោះថ្នាក់នៅឡើយ។
ក្នុងពេលជាមួយគ្នា បណ្តាទីក្រុងក្បែរខាងជាច្រើនបានលុបចោលព្រឹត្តិការណ៍ជាច្រើន រួមមានការដើរដង្ហែ និងការបាញ់កាំជ្រួចផ្កា៕
សមត្ថកិច្ចអាម៉េរិកនៅបន្តតាមរកជនបាញ់ប្រហារនៅប៉ុន្មានម៉ោងក្រោយការបាញ់សម្លាប់មនុស្សប្រាំមួយនាក់នៅស៊ីកាហ្គោ