ដោយ​:​មុនី​រ័ត្ន / ភ្នំពេញ​: លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​បញ្ជាក់ថា : កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៧ បាន​ប្រព្រឹត្តទៅ ប្រកបដោយ​ស្មារតី​ខ្ពស់ ពី​សំណាក់​ប្រទេស​សមាជិក ដែល​ជាក់ស្តែង បាន​ឆ្លុះបញ្ចាំង​ពី​មូលបទ «​សាមគ្គីភាព ដើម្បី​សន្តិភាព និង​វិបុលភាព​»​។ ប៉ុន្មាន​ឆ្នាំ​មកនេះ ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង បានបង្ហាញ​ពី​ភាព​ធន់ និង​ផ្តល់​អត្ថប្រយោជន៍​ច្រើន សម្រាប់​បណ្តា​ប្រទេស​មេគង្គ ជាពិសេស​តាមរយៈ​មូលនិធិ​ពិសេស នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បន្តថា : ” យន្តការ​នេះ នឹង​បន្ត​ធ្វើជា​ចលករ​មួយ សម្រាប់​អនាគត​នៃ​អនុតំបន់​មេគង្គ ហើយ​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ដែល​នឹងចូលរួម​ចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​យើង​” ។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ជួប និង​ពិភាក្សា អំពី​ទំនាក់ទំនង​ទ្វេភាគី ជាមួយ​សម​ភាគី ក្នុងអំឡុងពេល នៃ​កិច្ចប្រជុំ​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​បាន​ជួប​គាត់​ម្តងទៀត នាពេល​ឆាប់ៗ​ខាងមុខ​៕/V​