ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបើកកិច្ចប្រជុំមួយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការ លើបរិវត្តកម្មសេដ្ឋកិច្ចបៃតង (Green Economy Transformation) សម្រាប់កម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើង រវាង លោក សាយ សំអាល់ ជាមួយ លោក Asad Naqvi ប្រធានលេខាធិការដ្ឋានកម្មវិធីភាពជាដៃគូ សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានជំនាញ នៃក្រសួងបរិស្ថាន និងស្ថាប័នជំនាញចំនួន៥ របស់អង្គការសហប្រជាជាតិ រួមមាន UNEP, ILO, UNDP, UNIDO និងUNITAR សរុបចំនួន ២៧រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីនេះ លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា: សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជា ស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំ មុនការមកដល់ នៃជំងឺកូវីដ-១៩ ។ ទន្ទឹមនឹងនេះ កម្ពុជា ចាប់អារម្មណ៍ ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចបៃតងផងដែរ ដោយលោកបានស្នើឱ្យមានការពិភាក្សាស៊ីជម្រៅ ជាមួយអ្នកជំនាញជាតិ និងសិក្សាឱ្យបានច្បាស់ ពីអ្វីដែលកម្ពុជា ត្រូវ ឬគួរធ្វើ ដើម្បីជំរុញឱ្យមានបរិវត្តកម្មសេដ្ឋកិច្ចបៃតង ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងឱកាសនោះដែរ តំណាង PAGE បានជម្រាបជូនពីបទពិសោធន៍សកលមួយចំនួន ក្នុងការជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរ ទៅកាន់សេដ្ឋកិច្ចបៃតង ដូចជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាដើម ដែលនឹងបង្កើតឱ្យមានប្រាក់ចំណូល ការងារ ភាពក្រីក្រ និងពង្រឹងមូលដ្ឋានគ្រឹះអេកូឡូស៊ីសេដ្ឋកិច្ច។
ជាលទ្ធផលចម្បងៗ នៃកិច្ចប្រជុំនេះ រួមមាន: ១) ឯកភាពឱ្យមានការសិក្សាស៊ីជម្រៅ អំពីការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយ សម្រាប់សេដ្ឋកិច្ចបៃតង ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍ ដោយចីរភាព ជាអ្នកសម្របសម្រួលជាមួយ PAGE និង ២) ការជួបពិភាក្សាកម្រិតនយោបាយ សម្រាប់កំណត់យុទ្ធសាស្ត្រ ចំណុចចាប់ផ្តើម និងការសម្របសម្រួល ក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង៕/V