ដោយៈ ចាន់តូ / ភ្នំពេញ: យុវជនពីរនាក់ ក្នុងនោះម្នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកជាមួយរថយន្ត តូយ៉ូតា ព្រូស ពេញទំហឹង កាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃចន្ទ ទី៤ ខែកក្ដដា ឆ្នាំ២០២២ នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន ពីរនាក់ ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HX 2241 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៥ ទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿនយ៉ាងលឿន ខណ: មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តតូយ៉ូតា ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC.2373 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីខាងលិច ទៅខាងកើត ក្នុងល្បឿនលឿនដូចគ្នា ក៏បត់មកផ្លូវលេខ ១៣៥ ជ្រុលទៅបុកម៉ូតូ ពេញទំហឹង បណ្ដាលឲ្យម៉ូតូប៉ើងទើរលើរថយន្ត បង្កឱ្យអ្នកជិះម៉ូតូ ទាំងពីរនាក់ រងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យឯកជន ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ពេក យុវជនម្នាក់ ក៍បានដាច់ខ្យល់ស្លាប់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើកបរ រថយន្ដ។ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ៕/V