​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បុរស​ម្នាក់ ដែល​មាន​ឈ្មោះ​កំប្លែង​សើច​ថា ចូ​យ ឆេស​ណាត់ (Joey Chestnut)​បាន​ស៊ី​ហត់​ដក​អស់ ៦៣ ដើម​ក្នុង​រយៈពេល ១០ នាទី​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កក្កដា ដើម្បី​ឈ្នះ​ការប្រកួតប្រជែង​ការ​ញ៉ាំ​អាហារ​ប្រចាំ​ឆ្នាំ​នៅ​ទិវា​ឯករាជ្យ​៤​កក្កដា ដែល​មាន​បង្ហាញ​ម្ហូប​ឆ្អិន​ស្រាប់ៗ​ដ៏​សំខាន់​របស់​អាម៉េរិក​នៅ​លើ​កោះ​ខូ​នី (Coney) ក្នុង​ទីក្រុង​ញូវយ៉ក​។​

​ឥឡូវនេះ លោក​ឆេស​ណាត់​បានឈ្នះ ១៥ លើក​ហើយ ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ គាត់​បាន​ចាញ់​កំណត់ត្រា​ដែល​គាត់​បាន​បំបែក​ក្នុង​ឆ្នាំ ២០២០ នៅពេល​ដែល​គាត់​បាន​ស៊ី​អស់​ហត់​ដក ៧៦ ដើម​រួមទាំង​នំ​នែក​​ជាច្រើន​បញ្ចូល​គ្នា​ផងដែរ​ក្នុង​រយៈពេល​ត្រឹមតែ ១០ នាទី​។​

​ដូច្នេះ គាត់​បាន​សុំទោស​ហ្វូងមនុស្ស ហើយ​បាន​និយាយថា គាត់​នឹង​ធ្វើ​ឱ្យបាន​ល្អ​ជាង​នេះ​នៅ​ឆ្នាំក្រោយ​។​

​លោក​ឆេស​ណាត់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា គាត់​បាន​ហ្វឹកហាត់​ញ៉ាំ​ហត់​ដក​ជា​ញឹកញាប់ និង​ចូលរួម​ក្នុង​ការប្រកួត​ញ៉ាំ​ហត់​ដក​រាល់​មួយ​សប្តាហ៍​ម្តង​។​

​បន្ទាប់​ពី​ការប្រកួត​កាលពី​ថ្ងៃ​ចន្ទ គាត់​បាន​និយាយថា គាត់​នឹងមិន​ប៉ះ​អាហារ​ពេញ​មួយ​ថ្ងៃ​តែម្តង​។

​លោក​ឆេស​ណាត់​គឺជា​អ្នកឈ្នះ​ដែល​គ្មាន​គូ​ប្រៀប​ក្នុង​ការប្រកួត​ញ៉ាំ​ហក់​ដក​៤​កក្កដា​ណា​ថា​ន (Nathan) ដ៏​ល្បីល្បាញ ដោយ​បាន​នាំមុខ​ឆ្ងាយ​លើ​អ្នក​ជាប់​លេខ​២​។​

​ចំណាត់ថ្នាក់​លេខ​២​គឺ​បាន​ទៅលើ​លោក ជី​អូ​ហ្វ​ហ្វ្រេ អេ​ស្ពើ (Geoffrey Esper) ដែល​ស៊ី​ហត់​ដក​អស់ ៤៧,៥ ដើម​រួមជាមួយ​នំ​ផ្សេងៗ និង​លេខ​៣​បាន​ទៅ​លោក ជែម វេប (James Webb) ស៊ី​អស់​៤១​ដើម​៕

លោក​ចូយ ឆេស​ណាត់​ស៊ី​អស់​ហត់​ដក ៦៣ ដើម​ក្នុង​រយៈពេល ១០ នាទី​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កក្កដា​