ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទទី៤កក្កដា បានបញ្ជាឱ្យកងទ័ពរុស្ស៊ីធ្វើការវាយលុកឱ្យកាន់តែជ្រៅទៅក្នុង តំបន់ដុនបាសភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងមូស្គូបានដណ្តើមយកទីក្រុងយុទ្ធសាស្ត្រ លីស៊ីចាន់សខ៍ (Lysychansk)។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergei Shoigu)បានប្រាប់លោកពូទីននៅក្នុងកិច្ចប្រជុំមួយថា កងកម្លាំងរបស់ទីក្រុងមូស្គូឥឡូវនេះបានគ្រប់គ្រងតំបន់លូហានសខ៍ទាំងស្រុង។
ដោយបង្ហាញសញ្ញាវាយលុកមិនព្រមផ្អាកនិងឥឡូវរុស្ស៊ីសម្លឹងកាន់កាប់តំបន់ដូណិតសខ៍ទាំងមូល លោកពូទីនបានប្រាប់លោកសយហ្គូថា កងទ័ពដែលឈរជើងនៅទីនោះត្រូវតែបន្តប្រតិបត្តិការរបស់ពួកគេ។
លោកពូទីនបាននិយាយថា “អង្គភាពយោធាទាំងអស់ រួមទាំងក្រុមបូព៌ានិងក្រុមបស្ចិមត្រូវតែបំពេញភារកិច្ចរបស់ពួកគេតាមផែនការដែលបានអនុម័តពីមុន។ខ្ញុំសង្ឃឹមថាអ្វីៗនឹងបន្តក្នុងទិសដៅរបស់ពួកគេដូចដែលបានកើតឡើងនៅលូហានសខ៍រហូតមកទល់ពេលនេះ”។
កងទ័ពអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងដកថយពីទីក្រុងលីស៊ីចាន់សខ៍ដើម្បីការពារអាយុជីវិតទាហានរបស់ខ្លួន ដែលចាញ់ប្រៀបទាំងចំនួននិងអាវុធធៀបនឹងកងកម្លាំងរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថានាពេលរាត្រីរបស់គាត់ ដោយពណ៌នាអំពីការវាយលុកកាន់តែខ្លាំងរបស់រុស្ស៊ីថា”សត្រូវនៅតែបន្តវាយលុកតាមតំបន់ព្រំដែននៃតំបន់ស៊ូមី (Sumy)ទីក្រុងខាគីវ និងតំបន់ដុនបាស”។
“យើងត្រូវតែកម្ទេចពួកគេ។ នេះជាកិច្ចការដ៏លំបាក វាទាមទារពេលវេលានិងការខិតខំប្រឹងប្រែងដ៏អស្ចារ្យ។ ប៉ុន្តែយើងគ្មានជម្រើសផ្សេងទេ”។
ខណៈសង្គ្រាមឈានចូលដល់ខែទីប្រាំ អ៊ុយក្រែនបានប្រាប់នៅសន្និសីទស្តីពីការកសាងឡើងវិញនៅប្រទេសស្វីសកាលពីថ្ងៃចន្ទថា អ៊ុយក្រែនត្រូវការប្រាក់ ៧៥០ ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញ៕
អ៊ុយក្រែនត្រូវការប្រាក់ ៧៥០ ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញ