ដោយៈ សរិទ្ធ / ភ្នំពេញៈ តុលាការ បានកោះហៅលោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន ឲ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១២ និង ១៥ កក្កដា ។ ស្របពេលនេះដែរ លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក សុន ឆ័យ បានឱ្យដឹង នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ថាៈ លោក សុន ឆ័យ បានមកដល់ភ្នំពេញហើយ កាលពីថ្ងៃទី៣ កក្កដា ហើយលោក ក៏ត្រៀមខ្លួន ដើម្បីចូលបំភ្លឺលើបណ្តឹងរបស់ គណបក្សប្រជាជនកម្ពុជា និងបណ្តឹងរបស់ គណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាពេលខាងមុខនេះដែរ ។

លោក ជូង ជូងី បានបញ្ជាក់ថាៈ បណ្តឹងរបស់ គ.ជ.ប តំណាងអយ្យការ អមសាដំបូង រាជធានីភ្នំពេញ កោះហៅលោក សុន ឆ័យ ឲ្យចូលបំភ្លឺ នៅថ្ងៃទី១២ ខែកក្កដា វេលម៉ោង ៩ ព្រឹក និងបណ្តឹងរបស់លោក គី តិច ទទួលសិទ្ធិតំណាងពីសម្តេច សាយ ឈុំ អនុប្រធាន គណបក្សប្រជាជនកម្ពុជា កោះហៅចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១៥ ខែកក្កដា វេលាម៉ោង ៩ ព្រឹក។

បើតាមលោក ជូង ជូងី បានឱ្យដឹងថា លោក សុន ឆ័យ បានមកដល់ភ្នំពេញវិញហើយ កាលពីថ្ងៃទី៣ ខែកក្កដា ម្សិលមិញ ហើយលោក សុន ឆ័យ ត្រៀមខ្លួនរួចហើយ ដើម្បីចូលឆ្លើយ បំភ្លឺការពារសិទ្ធិរបស់គាត់ តាមផ្លូវច្បាប់។

គួររលឹកថា លោក សុន ឆ័យ ដែលមានតួនាទី ជាអនុប្រធានគណបក្សភ្លើងទៀន កំពុងទទួលរងបណ្តឹង ចំនួន២ គឺទី១, បណ្តឹងពាក់ព័ន្ធការចោទ និងការបំភ្លៃព័ត៌មាន ជុំវិញដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលត្រូវបានចាត់ទុក ជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុស ដោយអសុទ្ធចិត្ត និងមួលបង្កាច់ នាំឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់ គណបក្សប្រជាជនកម្ពុជា ហើយបណ្តឹងនេះ មេធាវី បានទាមទារសំណង ជំងឺចិត្ត ចំនួន ៤.០០០ លានរៀល ឬប្រហែល ១ លានដុល្លារអាមេរិក។ ទី២, បណ្តឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ របស់ស្ថាប័នគ.ជ.ប ដែលបណ្តឹងនេះ បានស្នើឲ្យតុលាការ ផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ។

តំណាងអយ្យការ អមសាដំបូងរាជធានីភ្នំពេញ ធ្លាប់បានកោះហៅលោក សុន ឆ័យ ឲ្យចូល បំភ្លឺម្តងរួចហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែដោយសារលោក សុន ឆ័យ មិនមានវត្តមាន នៅប្រទេសកម្ពុជា មេធាវីការពារក្តី ក៏បានស្នើសុំពន្យារពេលចូលបំភ្លឺនេះ៕/V-PC