ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករជនពិការកម្ពុជា ពីររូប ដែលចេញទៅហ្វឹកហាត់ កីឡាអុក នៅប្រទេសឥណ្ឌូណេស៊ី ពួកគេ នឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ហើយនឹងក្លាយជា គ្រូបង្វឹកផង សម្រាប់កីឡាអុក ត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ ពួកគេទាំង ពីរនាក់ ចេញទៅហ្វឹកហាត់ រយៈពេលមួយខែ នៅប្រទេសឥណ្ឌូណេស៊ី។ កីឡាករកម្ពុជា ទាំងពីររូបគឺ ជា ស៊ីដេត និង ប៉ែន រ័ត្នទីណា ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាហ្គេមកម្ពុជា បានឲ្យដឹងថាៈ កីឡាករទាំង ពីររូប ទទួលបានការស្វាគមន៍ និងយកចិត្តទុកដាក់ នៅទីក្រុងសូឡូ។ ពួកគេ បាន
កន្លែងស្នាក់នៅ ប្រកបដោយផាសុកភាព និងបានអាហារឧបត្ថម្ភ បីពេល ក្នុងមួយថ្ងៃ ពីគណៈកម្មាធិការរៀបចំ ការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឥណ្ឌូណេស៊ី។ ការចំណាយផ្សេងៗ ទៀត គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា អ្នកទទួលបន្ទុក។

លោកអគ្គលេខាធិការ បានបន្តថាៈ នេះជាកិច្ចការសំខាន់ ពីព្រោះឆ្នាំ២០២៣ យើងអត់មាន វិញ្ញាសាអុកនេះទេ។ ឥឡូវនេះ យើងរៀបចំឲ្យមានវិញ្ញាសាអុក។ ហេតុនេះ យើងបានបញ្ជូន កីឡាករ ពីររូប មកហាត់រៀន ដើម្បីធ្វើជាកីឡាករផង ធ្វើជាគ្រូបង្វឹកផង ពេលត្រឡប់ទៅវិញ គឺពួកគាត់ នឹងបន្តបណ្តុះបណ្តាល ដល់អត្តពលិកពិការកម្ពុជា ផ្សេងទៀត។

នៅថ្ងៃដំបូង ដែលពួកគាត់ មកដល់គឺ ពួកគាត់បានចូលហ្វឹកហាត់ភ្លាមៗតែម្តង។ ពួកគាត់ នឹងហ្វឹកហាត់ រយៈពេលមួយខែពេញ គឺរហូតដល់ចប់ការប្រកួត អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ទើបពួកគាត់ វិលត្រឡប់ទៅកម្ពុជាវិញ។

អ្វីដែលពិសេសនោះ កីឡាករជនពិការទាំង បីររូប មិនត្រឹមតែទៅហ្វឹកហាត់ យកចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ក៏នឹងចូលរួមប្រកួត នៅឥណ្ឌូនេស៊ីទៀតផង មុនពេលត្រឡប់ មកប្រទេសកម្ពុជាវិញ។ នេះជាការត្រៀមខ្លួន សម្រាប់អត្តពលិកពិការកម្ពុជា ដែលនឹងទទួល រៀបចំ ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដើម្បីបង្កើនប្រភេទកីឡា កាន់តែច្រើន៕/V-PC