​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កក្កដា​ថា​អ៊ុយ​ក្រែន​កំពុង​ជួបពិភាក្សា​ជាមួយ​តួ​ក​គី​និង​អង្គការ​សហ​ប្រ​​ជា​ជាតិ​ដើម្បី​ទទួលបាន​ការធានា​សម្រាប់​ការនាំចេញ​ភោគផល​ពី​កំពង់ផែ​អ៊ុ​យក្រែន​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​លោកស្រី ម៉ាក​ដា​ឡេ​ណា អាន់​ឌឺ​សុន (Magdalena Andersson) ថា​”​ការពិភាក្សា​កំពុង​បន្ត​ជាមួយ​តួ​ក​គី​និង​​អ​.​ស​.​ប (​និង​) អ្នកតំណាង​របស់​យើង​ដែល​ទទួលខុសត្រូវ​ចំពោះ​សន្តិសុខ​គ្រាប់​ធញ្ញជាតិ​ដែល​ចាកចេញ​ពី​កំពង់ផែ​របស់​យើង​”​។​

“​នេះ​គឺជា​រឿង​សំខាន់​ណាស់​ដែល​មាន​នរណា​ម្នាក់​ធានា​សុវត្ថិភាព​កប៉ាល់​សម្រាប់​ប្រទេស​នេះ​ឬ​ប្រទេស​នោះ ក្រៅពី​រុស្ស៊ី​ដែល​យើង​មិន​ទុកចិត្ត​។​ដូច្នេះ​ហើយ​យើង​ត្រូវការ​សុវត្ថិភាព​សម្រាប់​កប៉ាល់​ទាំងនោះ​​ដែល​នឹង​មក​ទី​នេះ​ដើម្បី​ដឹក​ស្បៀងអាហារ​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា អ៊ុ​យក្រែន​កំពុង​ធ្វើការ “​ដោយផ្ទាល់​” ជាមួយ​អគ្គលេខាធិការ​អ​.​ស​.​ប លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស លើ​បញ្ហា​នេះ ហើយ​ថា​អង្គការ​នេះ “​ដើរតួនាទី​នាំមុខគេ​មិនមែន​ជា​អ្នក​​សម្របសម្រួល​” នោះទេ​។​

​របាយការណ៍​ព័ត៌មាន​បាន​លើកឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ថា ការពិភាក្សា​បែបនេះ​នឹង​ត្រូវ​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​ក្នុងប្រទេស​តួ​ក​គី​។​

​អ៊ុ​យក្រែន ដែល​ជា​ប្រទេស​នាំចេញ​គ្រាប់​ធញ្ញជាតិ​ឈាន​មុខ​គេ​មួយ​របស់​ពិភពលោក បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​រារាំង​បំលាស់​ទី​នៃ​កប៉ាល់​របស់ខ្លួន ហើយ​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា គ្រាប់​ធញ្ញជាតិ ២២ លាន​តោន​ត្រូវ​បាន​ជាប់គាំង​នៅ​ពេល​នេះ ខណៈ​ការប្រមូល​ផល​បន្ថែម​ទៀត​ប្រហែល ៦០ លាន​តោន​ទៀត​រំពឹង​កើតមាន​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខ​។​

​រុស្ស៊ី​បាន​បដិសេធថា​ខ្លួន​មិន​បាន​រារាំង​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ណាមួយ​ឡើយ ហើយ​និយាយ​ថា​អ៊ុយ​ក្រែន​គួរតែ​ត្រូវ​ស្តីបន្ទោស​ចំពោះ​កង្វះ​បំលាស់​ទី​ទាំងនោះ​ដែល​មួយ​ផ្នែក​គឺ​ដោយសារតែ​អ្វីដែល​​ខ្លួន​និយាយថា​ជា​ប្រតិបត្តិការ​ដាក់​មីន​នៅក្នុង​កំពង់ផែ​សមុទ្រ​របស់ខ្លួន​៕

ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​