ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ថ្ងៃទី​៥ កក្កដា​នេះ ក្នុង​ព្រឹត្តិការណ៍ AFF U19 Boys Championship 2022 ដែល​ធ្វើ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្រុមបាល់ទាត់​ជម្រើសជាតិ អាយុ​ក្រោម ១៩ ឆ្នាំ​របស់​កម្ពុជា ត្រូវ​ជប​ប្រកួត​ជាមួយ ក្រុម​ម៉ាឡេស៊ី​។ ការប្រកួត ដែល​ធ្វើ​នៅ កីឡដ្ឋាន MEDYA SENAYAN នោះ គេ​មាន​ជំនឿ​ចិត្ត​ថា ក្រុម​កម្ពុជា នឹងធ្វើ​បានល្អ ដូច​កាលពី​លេង​ជាមួយ ក្រុម​សឹង្ហ​បូរី​ដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣ កក្កដា ក្រុម​កម្ពុជា រកបាន ៣ ពិន្ទុ ក្នុងជំនួប​ដំបូង ជាមួយ ក្រុម​មកពី​ប្រទេស​សឹង្ហ​បូរី ។​

​ប្រសិនបើ​ការប្រកួត​ថ្ងៃនេះ កម្ពុជា រកបាន ៣ ពិន្ទុ​បន្ថែមទៀត​នោះ ឱកាស​សម្រាប់ ឡើង ទៅកាន់​វគ្គ​បន្ដ នឹង​អាច​ស្ថិតក្នុង​កណ្ដាប់ដៃ ក្រុម​វ័យ​ជំទង់​របស់​កម្ពុជា​ហើយ ។ សង្ឃឹមថា ក្រុម កម្ពុជា នឹង​ជួប​សំណាងល្អ នៅក្នុង​ការប្រកួត​ទី​២ នេះ​។​

​បន្ទាប់ពី​ប្រកួត​ជាមួយ​ម៉ាឡេស៊ី​ទៅ កម្ពុជា​នៅសល់ ២ ប្រកួត​ទៀត គឺ​ប្រកួត​ជា មួយ​ឡាវ ថ្ងៃទី​៧ កក្កដា និង ប្រកួត​ជាមួយ ទី​ម័​រ​ខាងកើត ថ្ងៃទី​១១ កក្កដា ៕/V​-PC