ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដាថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលកើតឡើង អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ជាមួយនឹងឥទ្ធិពល នៃខ្យល់មូសុងនិរតី បក់ក្នុងល្បឿន ពីមធ្យមទៅបង្គួរ បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ហើយក៏អាចមាន កន្លែងខ្លះ ភ្លៀងធ្លាក់ច្រើនដែរ។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពី តិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនឹងនោះ ក៏អាចមាន កន្លែងខ្លះ ភ្លៀងធ្លាក់ច្រើនដោយអន្លើ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ ទន្ទឹមនឹងនោះ ក៏អាចមានកន្លែងខ្លះ ភ្លៀងធ្លាក់ច្រើន។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រ មានកំពស់ខ្ពស់ៗ៕/V-PC