ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ គិត​ត្រឹម​ខែមិថុនា ឆ្នាំនេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តមណ្ឌលគិរី បាន​ចុះបញ្ជី​ក្បាលដី ជូន​ប្រជាពលរដ្ឋ បាន​ជាង ៤ ពាន់​ក្បាលដី​ហើយ នៅសល់​ប្រមាណ​ជា ២ ពាន់​ក្បាលដី​ទៀត ដែល​មន្ទីរ កំពុង​អនុវត្ត​បន្ត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី ទទួលបាន​ប័ណ្ណកម្មសិទ្ធិ អាច​យកទៅ​ប្រើប្រាស់ តាម​តម្រូវការ ពិសេស​កាត់ បន្ថយ​ទំនាស់​ដីធ្លី​។​

​លោក លឹម ចាន់សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុ​រិ យោ​ដី ខេត្តមណ្ឌលគិរី មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​កំណែ ទម្រង់ លើ​វិស័យ​ដីធ្លី ជូន​ពលរដ្ឋ និង បានដាក់​ចេញ​នូវ យុទ្ធនាការ​វាស់វែង​ដីធ្លី ដើម្បី​ផ្តល់​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ដែលជា​គោលនយោបាយ ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី ក្នុង​គោលបំណង​ការពារ ប្រយោជន៍ របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថាៈ ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​របស់ ប្រមុខ​រាជរដ្ឋាភិបាល លើ​កំណើន សេដ្ឋកិច្ចជាតិ បង្កើន​ជីវភាព​ប្រជាពលរដ្ឋ ការអភិវឌ្ឍ​វិស័យ​ដីធ្លី នៅក្នុង​ខេត្តមណ្ឌលគិរី មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តមណ្ឌលគិរី បាន​ចូលរួម​បំពេញ បេសកកម្ម​របស់ខ្លួន យ៉ាងខ្លាំង​ក្លា លើ​ការចុះបញ្ជី​ដីធ្លី ជូន​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​សហគមន៍ ជនជាតិដើម​ភាគតិច ការរៀបចំ​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ តាម​ដំណាក់កាល ជូន​ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ ដោយ​សមធម៌ និង​តម្លាភាព​។​

​លោក​បាន​បន្តទៀតថាៈ រហូតដល់​បច្ចុប្បន្ននេះ មន្ទីរ​រៀបចំ​ដែនដី បាន​ចុះបញ្ជី​ដីធ្លី ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តមណ្ឌលគិរី សរុប​ជាង ៤ ពាន់​ក្បាលដី​ហើយ នៅសល់​ប្រហែល​ជាង ២ ពាន់​ក្បាលដី​ប៉ុណ្ណោះ គ្រប់​តាម​ផែនការ​ថ្នាក់ជាតិ​។​

​សូមជម្រាបថា ការអភិវឌ្ឍ​វិស័យ​ដីធ្លី នៅ​ខេត្ត​មណ្ឌល​គី​រី​នេះ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានផ្ដល់​អនុសាសន៍ ហើយ​ជា ពិសេស ក្នុង​សូចនាករ នៅលើ​មុំ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​នេះ គឺ​បាន​ផ្ដោត​មុំ​មួយ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល គឺ​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​នេះឯង ដើម្បី​ផ្ដោតទៅលើ​នេះ ក្រសួង​រៀបចំ​ដែនដី បានកំណត់​ពេល ដែលជា​សូចនាករ​សំខាន់ៗ គឺ​បញ្ហា​ចម្បង​ទី​១ ការចុះបញ្ជី​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ក្រសួង​ដែនដី បានកំណត់ នៅ​ឆ្នាំ ២០២២ នេះ យើង​នឹង​ចុះបញ្ជី​ក្បាលដី ជូន​បងប្អូន​ប្រជាពលរដ្ឋ សរុប​នៅ​ទូទាំងប្រទេស ឲ្យ​បាន ៧​លាន​ក្បាលដី​។ បច្ចុប្បន្ននេះ​យើង​បាន ៩០% ជាង ហើយ​បាន ៦​លានជាង​។ ដោយឡែក នៅ​ខេត្តមណ្ឌលគិរី​នេះ គឺ​បាន​ប្រមាណ​ជា ៤ ពាន់​ក្បាល ដែល​យើង​ប៉ាន់ ប្រមាណ​នៅ​ខេត្ត​នេះ សរុប​ជាង ៦ ពាន់​ក្បាលដី គឺ​នៅសល់​ប្រហែល​ជាង ២ ពាន់​ទៀត​”​។​

​លោក​បាន​បញ្ជាក់ថាៈ ការចុះបញ្ជី​ដីធ្លី ពិតជា​មាន​សារ​:​ប្រយោជន៍​ណាស់ សម្រាប់ ប្រជាពលរដ្ឋ ព្រោះ​កាលណា​ប្រជាពលរដ្ឋ ទទួលបាន​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី នោះ​បញ្ហា​ទំនាស់​ដីធ្លី នឹង​ត្រូវបាន​កាត់បន្ថយ ម្យ៉ាងទៀត ប្រជាពលរដ្ឋ នឹង​ក្លាយ ជា​ម្ចាស់​ដី ពិតប្រាកដ ទៅតាម​ច្បាប់ ហើយ មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ពង្រីក របរ​កសិកម្ម ឬ​មុខរបរ​ផ្សេងទៀត លើដី​កម្មសិទ្ធិ​នេះ ដែល​ជួយ​ជំរុញ​ដល់ កំណើនសេដ្ឋកិច្ច​កាត់បន្ថយ ភាពក្រីក្រ បាន​មួយកម្រិត​ថែមទៀត​។​

​សូមបញ្ជាក់ថា ការចុះបញ្ជី​ដីធ្លី​នៅ​កម្ពុជា មាន​ពីរ​ប្រភេទ​គឺ​៖ ១)- ការចុះបញ្ជី​ដាច់ ដោយ​ដុំ គឺជា ការចុះបញ្ជី តាម ការស្នើសុំ របស់ ម្ចាស់ ដី និង ទី ២)- ការចុះបញ្ជី ដោយ​ប្រព័ន្ធ គឺជា​ការចុះបញ្ជី តាម​គម្រោង ឬ​ផែនការ​របស់​រដ្ឋ​៕/V-PC