ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ បានបើកម៉ូតូ ម៉ាកហុងដា PCX មិនចាំស្លាកលេខ មកឈប់នៅក្បែររបងស្ថានទូតរុស្ស៊ី ហើយបានដកកាំភ្លើងខ្លី បាញ់មេឃជាច្រើន គ្រាប់ រួចបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់របងស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសម្នាក់ នៅកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេលកើតហេតុ គាត់បានអង្គុយ លេង នៅខាងមុខក្លិប EPIC ក្បែររបងស្ថានទូតរុស្ស៊ី។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញ បុរសម្នាក់ បានបើកម៉ូតូម៉ាក ហុងដា PCX មិនចាំស្លាកលេខ ជិះតាមបណ្ដោយផ្លូវបេតុង ជាប់នឹងរបងស្ថានទូតរុស្ស៊ី ក្នុងទិសដៅពីខាងកើត ទៅខាងលិច ហើយពេលជិះមកដល់ ចំណុចកើតហេតុ ជិតក្លិប EPIC ក៏បានដក កាំភ្លើងខ្លី បាញ់ឡើងទៅលើ ជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជា ពលរដ្ឋ ជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន ចុះមកអន្តរាគមន៍ភ្លាមៗ ។ ចំណែកឯបុរស ជាខ្មាន់កាំភ្លើង បានបើកម៉ូតូ រត់គេចខ្លួន បាត់ស្រមោលតែម្ដង។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន រួមទាំងកម្លាំងកងរាជអាវុធហត្ថ សហការគ្នា ចុះមកពិនិត្យទីតាំងកើតហេតុ ហើយបានរកឃើញ សំបកគ្រាប់កាំភ្លើង ខ្លី ចំនួន ៥ គ្រាប់ យកទៅរក្សាទុកជាវត្ថុតាង។
នៅក្នុងករណីផ្ទុះអាវុធនេះ មិនបណ្តាលឱ្យមាននរណាម្នាក់ រងរបួសនោះទេ ហើយសមត្ថកិច្ច ខណ្ឌចំការមន បន្តធ្វើការស្រាវជ្រាវ ដើម្បីតាមឃាត់ខ្លួនបុរស ជាខ្មាន់កាំភ្លើង យកមកចាត់ការ តាមនីតិវិធី៕/V-PC