ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៦ កក្កដា ស្អែកនេះ សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូកីឡាជនពិការកម្ពុជា ដែលមាន ១១ ប្រភេទកីឡា ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ នៅវិមានសន្តិភាព មុនពេលចេញទៅ ចូលរួមប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី នាចុងខែនេះ។
យោងចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំ ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួត កីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
កម្ពុជា នឹងបញ្ជូន ១១ ប្រភេទកីឡា ទៅចូលរួមប្រកួត អាស៊ានប៉ារ៉ាហ្គេម លើកទី១១ រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លី លើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជា ដណ្តើម បានមេដាសរុប ១០ គ្រឿង គឺប្រាក់ ៥ និង ៥ សំរិទ្ធ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលពេលនេះ កំពុងតែស្ថិតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី បានប្រាប់ តាមសារអេឡិចត្រូនិកថាៈ ជំនួបនេះ ពិតជាសំខាន់ខ្លាំងណាស់ ដែលប្រតិភូ នឹងទទួលបានអនុសាសន៍ណែនាំ និងការលើកទឹកចិត្តដ៏សំខាន់ មុនការចេញ ទៅប្រកួត។ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ តែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ដល់ប្រតិភូ អត្តពលិក គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធ ទាំងអស់៕/V-PC