ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ នេះ បានអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សា សង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅសាលប្រជុំ សាលាក្រុងស្វាយរៀង។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានស្នើឲ្យក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នេះ ក៏ដូចជា គណបក្សនយោបាយនានា និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំរួមគ្នា លើកកម្ពស់វប្បធម៌ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញ ការងារ ប្រកបដោយភាពសុខដុមរមនា ក្នុងសង្គមសម្រាប់ជាមូលដ្ឋាន ក្នុងការធានា ចីរភាពដំណើរការ លទ្ធិប្រធាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍ សង្គម ឲ្យកាន់តែមានការ រីកចម្រើនបន្តទៀត។
លោកបានបន្តថាៈ ចំពោះអស់លោក-លោកស្រី ដែលទើបជាប់ឆ្នោតថ្មី និងអស់ លោក លោកស្រី ដែលបានជាប់ឆ្នោតឡើងវិញ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥ នេះ ពិតជាមានការរីករាយ ប្រកបដោយមោទនភាព និងកំពុង សម្រួចឆន្ទៈ ក្នុងការចូលរួមបញ្ចេញ សមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយកម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ក្នុងសង្កាត់របស់ខ្លួន។ ដូច្នេះសូម លោក-លោកស្រី ទាំងអស់ មេត្តាយកចិត្តទុកដាក់អនុវត្តឲ្យ បានត្រឹមត្រូវ តាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិ បាល បំពេញការងារចំពោះមុខមួយចំនួន ឲ្យបានម៉ត់ចត់ រួមទាំងការធានាបាន នូវសាមគ្គី ភាពផ្ទៃក្នុង និងការយោគយល់គ្នា នៅក្នុងការបំពេញការងាររបស់ខ្លួន។
លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណ ចំពោះក្រុមប្រឹក្សាអាណត្តិចាស់ ពិតជាមានឆន្ទៈ ប្រកបដោយភាពសប្បាយរីករាយ ក្នុងការផ្ទេរតំណែង ជូនក្រុម ប្រឹក្សាសង្កាត់ អាណត្តិទី៥ តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារៈ ប្រាក់កាស និងឯកសារនានា នៅក្នុងឱកាសនេះ៕/V-PC