ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានលើកទឹកចិត្ត ដល់សមាជិក សមាជិកា ស.ស.យ.ក និងប្រជាពលរដ្ឋខ្មែរ ទាំងអស់ ចូលរួមលេងកីឡា ដើម្បីចូលរួម យុទ្ធនាការ « ប្រជាជនម្នាក់ លេងកីឡាយ៉ាងតិច មួយប្រភេទ ប្រចាំជីវិត» ពិសេសដើម្បីបង្ហាញពីការត្រៀមខ្លួនរួចរាល់ ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២។
លោកបានមានប្រសាសន៍បែបនេះ បន្ទាប់ពីលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក ការប្រកួត «ជើងឯកវិទ្យាល័យ» លើកទី២ ឆ្នាំ២០២២ កាលពីល្ងាច ថ្ងៃទី៤ ខែកក្កដា ម្សិលមិញ នៅអគារខេមរានី នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហការ រៀបចំ រវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្លិបបាត់ទាត់បឹងកេត ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីបន្ដចូលរួមលើក កម្ពស់ និងអភិវឌ្ឍវិស័យកីឡា មិនថាជាកីឡាបាល់ទាត់ ឬកីឡាផ្សេងៗនោះទេ។
ក្នុងនាមជាសមាជិក ស.ស.យ.ក ម្នាក់ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថាៈ «ខ្ញុំសូមលើកទឹកចិត្ត ដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជន យុវនារី កុមារា កុមារី បងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកីឡាទាំងអស់គ្នា ក៏ដូចជា បានចូល រួមក្នុងយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡាយ៉ាងតិចមួយប្រភេទ ប្រចាំជីវិត»។ ការលេងកីឡានេះ មិនត្រឹមតែ ផ្តល់គុណប្រយោជន៍ ដល់សុខភាព និងសុខុមាល ភាពទាំងផ្លូវកាយ និងផ្លូវចិត្តតែប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការត្រៀមខ្លួន របស់យើង រួចជាស្រេច ក្នុងភាពជាម្ចាស់ផ្ទះកីឡា SEA-Games លើកទី៣២ ក៏ដូចជា ព្រឹត្តិការណ៍កីឡា ASEAN Para Games លើកទី១២ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ ផងដែរ»។
លោក បែ មករា នាយកផ្នែកកីឡា នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានឲ្យដឹងថាៈ ការត្រឡប់មកវិញ នៃព្រឹត្តិការណ៍ជើងឯក វិទ្យាល័យនេះ គ្រោងចំណាយ ពេលប្រកួត ១៤សប្ដាហ៍ ដោយនឹងចាប់ផ្ដើមការ ប្រកួត នាថ្ងៃទី១៣ ខែកក្កដា ខាងមុខ និងមាន ១២ ក្រុម ចូលរួម។
ល័ក្ខខ័ណ្ឌកីឡាករ ចូលរួមឆ្នាំនេះ ខុសប្លែកពីរដូវកាលទី១ ដោយកីឡាករ លេងនៅលីគកំពូល និងលីគទី២ គឺមិនអនុញ្ញាតឲ្យចូលរួមឡើយ។ លើកលែងតែ កីឡាករលេងក្របខណ្ឌពាន យុវជនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលអនុញ្ញាតឲ្យមួយក្រុម មាន ៣ នាក់។
រូបមន្ដនៃការប្រកួត នឹងត្រូវប្រកួតលក្ខណៈលីគ១ជុំ បន្ទាប់មក ក្រុមមានពិន្ទុខ្ពស់ ជាងគេ ៤ ក្រុម នឹងត្រូវធ្វើការប្រកួតខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំនួន ២ជើង ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតកាត់សេចក្ដីក្រុម ជើងឯកតែម្ដង៕/V-PC