ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នេះ នៅសាលប្រជុំ នាយកដ្ឋានអប់រំកាយ និងកីឡា នៃពហុកីឡដ្ឋានជាតិ បានបើវគ្គបំប៉នសមត្ថភាព ដល់សិក្ខាកាម ចំនួន ៥០ នាក់ ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ។
លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍កីឡា បានអញ្ជើញចូលរួម បើកវគ្គនេះ ។
លោក ហួត សេងទ្រី បាននិយាយថាៈ វគ្គបំប៉នស្តីពី ការរៀបចំការប្រកួត និងព្រឹត្តិការណ៍ កីឡាជូនដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ។ វគ្គបំប៉នសមត្ថភាព ស្តីពីការ រៀបចំការប្រកួតនេះ មានសិក្ខាមចូលរួម ចំនួន ៥០ នាក់ អញ្ជើញមកពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ទាំង ២៥ ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ។
វគ្គបំប៉ននេះ ពិតជាមានសារសំខាន់ សម្រាប់សិក្ខាកាម ដើម្បីពង្រឹងសមត្ថភាព និងបង្កើន ធនធានមន្ត្រីកីឡា នៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឲ្យការរៀបចំមាន ស្តង់ដាតែមួយ ស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ ឲ្យមានការយល់គ្នា រវាងគណៈកម្មការរៀបចំការប្រកួត និងអ្នកដឹកនាំការងារ បច្ចេកទេស ដើម្បីរួមគ្នា ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។
លោក សុខ សប្បាយណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គភាព ជំនាញ និងអគ្គនាយកដ្ឋានកីឡា ដែលជាសេនាធិការរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំ ប្រឹងប្រែងបំពេញភារកិច្ច យ៉ាងសកម្ម ក្នុងការរៀបចំសិក្ខា សាលា ដ៏មានសារៈសំខាន់នេះ ព្រមទាំងអញ្ជើញស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង សមត្ថភាព និងបង្កើនធនធានមន្ត្រីកីឡា នៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឲ្យការរៀបចំមានស្តង់ដា ស្របតាមការ រៀបចំ ក្នុងតំបន់ ជាពិសេស ការត្រៀមលក្ខណៈរៀបចំ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕/V-PC