ដោយ​៖​ដេប៉ូ​/​សៀមរាប​៖ ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​នា ឆ្នាំនេះ ក្រោម​ប្រធានបទ “​ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​កសាង​វប្បធម៌​សុវត្ថិភាព និង​សុខ​ភាពជា​វិជ្ជមាន​” គឺជា​យុទ្ធនាការ​អន្តរជាតិ​ដែល​បានរៀបចំ​ឡើង ដោយ​រដ្ឋា ភិ​បាល សមាគម​និយោជក និង​សហជីព នៃ​បណ្តា​ប្រទេស​សមាជិក​អង្គការ អន្តរជាតិ​ខាង​ការងារ (ILO) នៅលើ​សកលលោក​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់ កម្មករនិយោជិត​ដែល​បាន​បាត់​បង់ជីវិត រងគ្រោះ​ដោយ​គ្រោះថ្នាក់​ការងារ និង​ជំងឺ វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ និង​ដើម្បី​លើកកម្ពស់​ការងារ​សម​រម្យ ប្រកបដោយ សុវត្ថិភាព និង​សុខភាព​ការងារ​។

​ក្នុង​ពិធី ដែល​រៀបចំ​ធ្វើឡើង នៅ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​សៀម រាប​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ សំដៅ​៖ ១. បង្កើន​ការយល់ដឹង និង​កិច្ចសហប្រតិបត្តិការ​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ដល់​ស្ថាប័នរដ្ឋ អង្គការ​ជាតិ អង្គការ​អន្តរជាតិ​ជា​ដៃគូ សមាគម​និយោជក សហជីព និង​កម្មករនិយោជិត ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​បង្ការ​ជា​វិជ្ជមាន​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព ការងារ​នៅ​កន្លែងធ្វើការ​។ ២.​ផ្សព្វផ្សាយ និង​ចែករំលែក​ពី​ស្ថានភាព និង​ទំហំ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ការងារ និង​ផលប៉ះពាល់​ទៅលើ​កម្មករនិយោជិត រួម​នឹង​ការអនុវត្ត​ល្អៗ​ពី​ភាគី​និយោជក និង​កម្មករនិយោជិត លើ​ការងារ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ និង ៣. ជំរុញ​ការលើកកម្ពស់​បន្ថែម ចលនា​ទាក់ទាញ​ការគាំទ្រ​ផ្នែក​នយោបាយ និង​ថវិកា ក្នុងការ​បង្ការ និង​កាត់បន្ថយ ការបាត់​បង់ជីវិត គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​ទូទាំង​ពិភពលោក ។​

​បើតាម​របាយការណ៍រ​បស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ឆ្នាំ​២០២២​នេះ គឺមាន​តួលេខ អ្នកស្លាប់​ប្រមាណ ៣​លាន​នាក់ នៅ​ទូទាំង​ពិភពលោក ដោយសារ គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ នៅ​កន្លែងធ្វើការ​។ ចំនួន​នេះ​ជាការ​រំលឹក​ដល់​គ្រប់ ប្រទេស​ជា​សមាជិក​របស់​អង្គការ (ILO) ឱ្យ​បន្ត​ខិតខំ គិតគូរ​លើ​បញ្ហា​សុវត្ថិភាព និង​សុខភាព​ការងារ​នេះ​បន្តទៀត​។

​បើ​យោងតាម​របាយការណ៍រ​បស់​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានបង្ហាញ​ដែរ​ថា​លទ្ធផល​អង្កេត​ហានិភ័យ ការងារ​តាម​ប្រភេទ​គ្រោះថ្នាក់ មាន​សរុប​ចំនួន ១១.២៥៨​នាក់ ស្រី​ចំនួន ៦.២២០​នាក់ ក្នុង​ឆ្នាំ​២០២១ ដែល​ក្នុងនោះ​រួមមាន គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ចំនួន ៥.៧២៥​នាក់ ស្រី​ចំនួន ២.៩៨២​នាក់ គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​ចំនួន ៥.៥៣៣​នាក់ ស្រី​ចំនួន ៣.២៣៨​នាក់ ដែល​ចំនួន​អ្នក​គ្រោះថ្នាក់​នេះ មានការ​ថយចុះ​ស្មើនឹង​ចំនួន ២៥,៨៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០​។​

​ក្នុង​ពិធី​នេះដែរ លោក អ៊ិត សំហេង បាន​ស្នើឱ្យ​គ្រប់ភាគី​ចូលរួម​បន្ត​អនុវត្ត នូវ​វិធាន​ការបង្ការ​ជា​វិជ្ជមាន​ដល់​បញ្ហា​គ្រោះថ្នាក់​ការងារ ក៏ដូចជា​បន្ត​ការការពារ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កន្លែងធ្វើការ រួមមាន​៖ បង្កើន​កិច្ចសន្ទនា សង្គម​លើ​ការងារ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​គ្រប់កន្លែង​ធ្វើការ ដោយ​ចាត់ ទុក​បញ្ហា​នេះ​ជា​សិទ្ធិ​មូលដ្ឋាន​អាទិភាព​មួយ ដូច​សិទ្ធិ​មូលដ្ឋាន​ដទៃទៀត​។ ចូលរួម​អនុវត្ត​ការអនុម័ត​ពី​ការបញ្ចូល​ប្រធានបទ​សុវត្ថិភាព និង​សុខភាព​ការងារ​ជា ការងារ​ស្នូល​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្រោយពេល​បន្ថែម​ចូលទៅក្នុង​អនុសញ្ញា​លេខ ១៥៥ និង ១៨៧ ដែលមាន​ស្រាប់​កន្លងមក​។ ចូលរួម​ចែករំលែក​នូវ​ការអនុវត្ត​ល្អៗ និង​បទពិសោធន៍​របស់​និយោជក និង​កម្មករនិយោជិត ពី​សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ទៅ​សហគ្រាស​ផ្សេងៗ​ទៀត​។

​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ស្តីពី​ដំណើរការ និង​ការគ្រប់គ្រង​រោងចក្រ សហគ្រាស​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ត្រូវ​ណែនាំ​ដល់ កម្មករនិយោជិត​ឱ្យធ្វើ​អនាម័យ​ដៃ​ជាប្រចាំ​នៅ​កន្លែងធ្វើការ​។ បង្កើន​ការយក ចិត្ត​ទុក​ក្នុងការ​បាញ់សម្លាប់​មេរោគ​នៅតាម​កន្លែងធ្វើការ អគារ​ផលិតកម្ម និង​កន្លែង ប្រើប្រាស់​រួមគ្នា និង ធានាថា​មានការ​រក្សា​គម្លាត​សង្គម​នៅ​កន្លែងធ្វើការ និង​ក្រៅ តាម​ដែល​អាចធ្វើ​ទៅបាន និង​ណែនាំ​ដល់​កម្មករនិយោជិត ឱ្យ​ពាក់​ម៉ាស់​ជាប្រចាំ និង​ប្រកាន់ខ្ជាប់​នូវ​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន “៣​កុំ ៣​ការពារ​” ៕​/PC