ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាល​ជលផល សហការ​ជាមួយ​អង្គការ UNIDO បានរៀបចំ​ពិធី​ប្រគល់​កញ្ចប់​វិនិយោគ​នៃ​កម្មវិធី VCIS ដល់​សហគ្រាស​ជលផល​ក្រោយពេល​ប្រមូល​ផល ក្រោម​អធិបតីភាព​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មានការ​អញ្ជើញ ចូលរួម​ពី​លោក អា​លី បា​ដា​ណេ ប្រធាន​ផ្នែក​និរន្តរភាព​ប្រព័ន្ធ​ស្បៀង​របស់​អង្គការ UNIDO ។

​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក រដ្ឋមន្ត្រី​នា​ន​ថ្លែង អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន​សហភាព​អឺរ៉ុប និង​អង្គការ UNIDO ដែល​បាន ផ្តល់​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ ជួយ​គាំទ្រ​កម្មវិធី CAPFISH ហើយ​តាមរយៈ កម្មវិធី​នេះ UNIDO បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​បាននិងកំពុង អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយពេល​ប្រមូល​ផល​។​

លោក​បាន​បន្តថា ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​ផលិតផល​ត្រី ក្រសួង​បាន បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ រៀបចំ​គោលនយោបាយ កៀរគរ​ធនធាន និង​ផ្តល់ជំនួយ បច្ចេកទេស​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំង​ផ្នែក​ផលិតភាព គុណភាព និង​ស្តង់ដារ ធ្វើយ៉ាងណា​ស្របតាម​ស្តង់ដារ​ទីផ្សារ ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​តាម​អភិក្រម​“​រដ្ឋ​-​ឯកជន​-​ដៃគូ​-​អភិវឌ្ឍន៍ និង​សហគមន៍​”​។ ក្រោម​ជំនួយ​បច្ចេកទេស​ពី UNIDO រដ្ឋបាល​ជលផល បាន​និង កំពុង​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ផលិតផល មាន​ឈ្មោះថា​និមិត្ត សញ្ញា​គុណភាព​កម្ពុជា (CQS)​។

​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា សហគ្រាស​ឯកជន​បាននិងកំពុង ដើរតួនាទី យ៉ាងសំខាន់ ក្នុង​ការផលិត និង​កែច្នៃ​ទំនិញ​បរិភោគ បង្កើន​ការនាំចេញ បង្កើត ការងារ បង្កើន​ប្រាក់ចំណូល និង​ជាពិសេស​ប្រើប្រាស់​វត្ថុ​ធាតុ ដើម​ក្នុងស្រុក ជា​ផលិតផល​ស្រស់ និង​កែច្នៃ​ដើម្បី​បង្កើន​តម្លៃបន្ថែម​។ តែ​ទោះជា​យ៉ាងណា ស្ថិតក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វិដ​-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​សកល សហ គ្រាស ឯកជន​បាននិងកំពុង​ជួបប្រទះ​បញ្ហា​ជាច្រើន​រួមមាន​៖ ការចំណាយ​ប្រតិបត្តិការ​ខ្ពស់ បញ្ហា​ទីផ្សារ កង្វះ​ឥណទាន ខ្វះ​វត្ថុធាតុដើម ប្រេង​ឥន្ទ​ន​:​ឡើងថ្លៃ​។​ល​។ ដោយឡែក កង្វះ​ចំណេះ​ជំនាញ បុគ្គលិក កម្មករ​គ្មាន​ជំនាញ​ច្បាស់លាស់ និង​ចំណេះដឹង បច្ចេកទេស​ក៏​ស្ថិត​នៅតែ​ជា​អាទិភាព​ចាំ បាច់​ដែល​ត្រូវ​យកចិត្តទុកដាក់ ធ្វើការ​បណ្តុះបណ្តាល​ផងដែរ​។​

​លោក រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សហគ្រាស​ទាំង​១៧ ដែល​បាន បំពេញ តាម​លក្ខ​ណ្ឌ​តម្រូវ ត្រូវ​ទទួលបាន​កញ្ចប់​វិនិយោគ​ពី​កម្មវិធី VCIS ក្នុងនោះ មានការ​គាំទ្រ​ផ្នែក​ឧបករណ៍ សម្ភារ និង​បច្ចេកទេស​បម្រើ​ដល់​ដំណើរ​ការផលិត កម្មផល​ជលផល​ក្រោយពេល​ប្រមូល​ផល និង​អនុលោម​តាម​គោលការណ៍ សុវត្ថិភាព​ចំណីអាហារ​។ កញ្ចប់​វិនិយោគ​ដែល​ប្រគល់ជូន​សហគ្រាស​ទាំង​១៧ មាន​ទឹកប្រាក់ សរុប​ប្រមាណ ៥00.000​ដុល្លារ ដោយ​មិន​រួមបញ្ចូល​ការគាំទ្រ ផ្នែក​បច្ចេកទេស​។

​លោក រដ្ឋមន្ត្រី​បាន​ផ្ញើ​ក្តីសង្ឃឹម និង​ជឿជាក់ថា សហគ្រាស​ទាំង​១៧ នឹងចូលរួម អនុវត្ត​ឲ្យ​បាន​ពេញលេញ ត្រឹមត្រូវ​ច្បាស់លាស់ ទាក់ទង​បច្ចេកទេស​កែច្នៃ ផល​ជលផល ធ្វើយ៉ាងណា​លើកកម្ពស់​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ការងារ និង​ផលិតផល ធានា​លើក​ជ្រោង​កាន់តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ សុវត្ថិភាព ចំណីអាហារ ឈានទៅ​ធ្វើការ​ប្រកួតប្រជែង និង​ឆ្លើយតបបាន​តាម​ស្តង់ ដា​ទីផ្សារ​នាំចេញ​។ នាឱកាស​នេះ លោក​ក៏បាន​ស្នើសុំ​បន្ថែម​ឲ្យ​អង្គការ UNIDO កៀរគរ​ថវិកា​ជួយ​គាំទ្រ​លើ​ការកែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ព្រមទាំង​ផលិត ផល​វារីវប្បកម្ម​ផងដែរ​៕​/PC