ដោយៈ​ បញ្ញា​សាស្ត្រ​/​ភ្នំពេញ​: ដើម្បីអោយ​ការទូទាត់​ប្រាក់​ឆ្លង​គ្រឹះស្ថាន​មួយ​ទៅ​គ្រឹះស្ថាន​មួយ មាន​ភាពងាយស្រួល ដោយ​មិនចាំបាច់​ប្រើប្រាស់ QR ផ្សេងគ្នា ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ KHQR ថ្មី សម្រាប់ធ្វើ​ការទូទាត់​ប្រាក់​តាម​ស្តង់ដារ​តែមួយ​ខណៈ​កាលពីមុន​ឃ្យូ​អរ​កូដ​របស់​ធនាគារ​មួយ​ស្កេ​ន​បានតែ​ធនាគារ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។​

​លោក សុខ វឿន សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា និង ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ KHQR គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ ទំនើបកម្ម​នៃ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការទូទាត់​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង ជម្រុញ​នវានុវត្តន៍​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​។ បន្ថែម​លើ​នេះ KHQR នឹង​សម្រួល​ដល់​ការ ទូទាត់​ឆ្លង​គ្រឹះស្ថាន ដែល​ពីមុន​ការទូទាត់​តាម QR Code ត្រូវបាន​ធ្វើឡើង​ដាច់ដោយឡែក​ពីគ្នា​រវាង​គ្រឹះស្ថាន​នីមួយៗ​។ ប៉ុន្តែ​ជាមួយនឹង​ប្រព័ន្ធ KHQR ដែល​បាន​ដាក់ឱ្យ​ដំ​លើ​រការ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន​ការទូទាត់​តាម​ប្រព័ន្ធ QR Code អាចធ្វើ​ឡើងលើ​ប្រព័ន្ធ​រួម​តែមួយ ជាពិសេស​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែលជា​សមាជិក​នៃ​ប្រព័ន្ធ​បាគង​។ លោក​បាន​លើកទឹកចិត្ត​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​មិនទាន់បាន​ចូលរួម អភិវឌ្ឍ​មុខងារ KHQR សូម​ឱ្យធ្វើ​សមាហរណកម្ម​ប្រព័ន្ធ QR របស់ខ្លួន​ជាមួយនឹង​ប្រព័ន្ធ KHQR ផងដែរ​។​

​លោកស្រី បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ខេ​អេ​ច ឃ្យូ​អរ​(KHQR)​នៅ​សៀ​ល​ថ្ងៃទី​៤​កក្កដា នេះ​នៅ​សណ្ឋាគារ រ៉ូ​ស​វូដ ភ្នំពេញ​ប្រព័ន្ធ​ខេ​អេ​ច ឃ្យូ​អរ ថា នេះ​គឺជា​ប្រព័ន្ធ​ថ្មី​មួយ​បន្ថែម​ពីលើ​ប្រព័ន្ធ​បាគង ដើម្បី​ជួយ​សម្រួល​ដល់​អ្នកប្រើប្រាស់​កាន់​តែមាន​ភាពងាយស្រួល​ខណៈ​កន្លង យើង​សង្កេតឃើញថា​នៅតាម​កន្លែង​លក់​មួយចំនួន​មាន​ដាក់​ប្រព័ន្ធ​ឃ្យូ​អរ​កូដ​ច្រើន​ធនាគារ​ដោយសារតែ​ធនាគារ​មួយ​ស្កេ​ន​បានតែ​ធនាគារ​គាត់​ដោយ​មិនអាច​ស្កេ​ន​ធនាគារ​ផ្សេងទៀត​បាន​។​

​លោកស្រី​បាន​បន្តថា​យើង​សង្កេតឃើញថា បញ្ហា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ បាន​ដាក់ឱ្យ​ដំណើការ QR Code Payment នៅតាម​ហាង​លក់ទំនិញ​របស់​ពាណិជ្ជករ​ទូទាត់​រាយ ប៉ុ​ន្ត QR Code ទាំងនោះ​ពុំទាន់​មាន​លក្ខណៈ​ស្តង់ដារ​រួមគ្នា ដែល​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​ឆ្លង​គ្រឹះស្ថាន​បាន​នៅឡើយ ដែល​កត្តា​នេះ​ពុំ មាន​លក្ខណៈ​ស្របតាម​ឧ​ត្ត​មា​នុ​វត្ត និង​បង្ក​ភាព​បន្ទច់បង្អាក់​ដល់​នវានុវត្តន៍​ក្នុង​ទីផ្សារ ជាពិសេស​អតិថិជន​ងាយ ទទួលរង​ការ​ក្លែងបន្លំ​ក្នុងការ​ធ្វើ​ប្រតិបត្តិ​ការទូទាត់​។

​លោកស្រី​បានឱ្យដឹង​ទៀតថា​អវត្តមាន​នៃ​ស្តង់ដារ​ឃ្យូ​អរ​កូដ​រួមមួយ​គឺជា​បញ្ហា​ប្រឈម​សម្រាប់ ប្រទេស​កម្ពុជា​ក្នុងការ​ទូទាត់​តាម​QR Code​ក្នុង​តំបន់​អាស៊ាន​នេះដែរ ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៦ ខែ មិថុនា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​បានរៀបចំ និង ដាក់ឱ្យ​ប្រើប្រាស់​ប្រកាស​ស្តីពី ការដាក់ឱ្យ​ប្រើប្រាស់​គំរូ​បរិ​ច្ឆិ​ន​ភាព​បច្ចេកទេស​ខេ​អេ​ច​ឃ្យូ​អរ​កូដ (KHQR Code)​ដើម្បី ផ្តល់​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​រៀបចំ ខេ​អេ​ច​ឃ្យូ​អរ​កូដ សម្រាប់​ការទូទាត់​ក្នុងប្រទេស​ឱ្យមាន​សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​រួម ចំណែក​លើកកម្ពស់​អន្តរ​ប្រតិបត្តិការ​នៃ​ការទូទាត់​តាម​ឃ្យូ​អរ​កូដ​ឆ្លង​គ្រឹះស្ថាន​សម្រាប់​អតិថិជន ព្រមទាំង​ផ្តល់​លទ្ធភាព សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការធ្វើសមាហរណកម្ម​ការទូទាត់​ក្នុង​តំបន់​ផងដែរ​។​

​លោកស្រី​បាន​បន្ថែមទៀតថា « ដូច្នេះ​ដោយ​សង្កេតឃើញថា ការទូទាត់​មាន​ផលវិបាក ដូច្នេះហើយ បានជា​ធនាគារជាតិ​បាន​បង្កើតជា​ស្កេ​ន​ស្តង់ដារ​មួយ​ដើម្បី​អនុញ្ញាតឱ្យ​ម៉ូ​បាយ​អេប​ធនាគារ​ណា​ក៏​អាច​ស្កេ​ន​ឃ្យូ​អរ​កូដ​បានដែរ​ដែល​នឹង​អាច​កាត់បន្ថយ​ការប្រើប្រាស់​បញ្ជ​ឃ្យូ​អរ​កូដ​នៅសល់​តែមួយ​ឬ​ពីរ​យ៉ាងច្រើន​ដែល​វា​នឹង​ជួយ​សម្រួល​ការងារ​ទូទាត់​បាន​ងាយស្រួល​ជាង​មុន »​។​

លោកស្រី​បាន​បន្តទៀតថា​«​ជាងនេះទៀត​នៅពេលដែល​យើង​មាន​ស្តង់ដារ​រួម​ថ្នាក់ជាតិ​ថ្ងៃក្រោយ​យើង​ចង់​ធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់​ជាមួយ​ប្រទេសជិតខាង​គឺ​យើង​អាច​ប្រើប្រាស់​ស្តង់ដារ​តែមួយ​នេះ​បាន​ដោយ​យើង​អាច​ភ្ជាប់​ស្តង់ដារ​យើង​ជាមួយ​ស្តង់ដារ​គេ​ពេលនោះ​ធនាគារ​នៅ​ទូទាំងប្រទេស​យើង​និង​ធនាគារ​នៅ​ប្រទេស​គេ​អាច​អាន​QR​ទៅវិញទៅមក​។​បើ​អត់​មាន​ស្តង់ដារ​តែមួយ​ទេ​ធនាគារ​៥០​មាន​ឃ្យូ​អ​កូដ​៥០​ដែរ​ហើយ​បើ​ស្រុក​គេ​មាន​៥០​ដែរ​ហើយ​បើ​យើង​ចង់​ឱ្យគេ​អាន​QR​ទៅវិញទៅមក​ត្រូវ​ភ្ជាប់​ម្តង​មួយៗ​ធ្វើឱ្យ​ខាត​ពេល​យូរ​»​។​

​លោកស្រី​បាន​បញ្ជាក់ថា​គិត​ចាប់​ពីថ្ងៃ​ចេញប្រកាស​រហូតមកដល់ បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ចំនួន ៣៧ បាន​ចូលរួម​អភិវឌ្ឍ​មុខងារ KHQR ក្នុងនោះ​មាន ២៩ គ្រឹះស្ថាន បាន ដាក់ឱ្យ​ដំណើរការ​សាកល្បង​ប្រកបដោយ​ជោគជ័យ នៅតាម​ហាង​លក់ទំនិញ​របស់​ពាណិជ្ជករ​ប្រមាណ​២៣០,០០០​ទីតាំង​។​

​លោកស្រី​បានបញ្ជាក់​ឱ្យដឹងទៀតថា​ការរៀបចំ​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ KHQR ក្នុងថ្ងៃនេះ ជា​សមិទ្ធផល​ថ្មី​មួយ ដែល​នឹង​ក្លាយជា​ចលករ​ក្នុងការ​ព​ន្លឿ​ន និង​លើកកម្ពស់​ការទូទាត់​តាម CR Code ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោកស្រី​ជឿជាក់ថា ប្រព័ន្ធ​KHQR នេះ នឹងចូលរួម​ចំណែក​ជំរុញ្ញ​នវានុវត្តន៍ និង បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ​ការប្រើប្រាស់​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ជំនឿ​ទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និង​បរិ​យាប​ន្ត ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​៕​