​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (BBC) ៖ ជាថ្មី​ម្តងទៀត រុស្ស៊ី​រុលទៅមុខ​។ ជាថ្មី​ម្តងទៀត អ៊ុយ​ក្រែន​ដកថយ​។​

​យោង​តាម​អភិបាល​តំបន់​លូ​ហាន​សខ៍បាន​ឱ្យដឹងថា ការប្រយុទ្ធ​ដ៏​ស្វិតស្វាញ​និង​អូស​បន្លាយពេល​យូរ​ដែល​បាន​ព្យាករណ៍​សម្រាប់​ទីក្រុង​លី​ស៊ី​ចាន់ (Lysychansk) ត្រូវបាន​បញ្ចៀស​ដោយសា​រ​តែ​ការដក​​ថយ​ជា​យុទ្ធសាស្ត្រ​។​

​លោក សឺ​ហ៊ី ហៃ​ដាយ (Serhiy Haidai)​បាន​ប្រាប់​លោក ចូ អ៊ី​ន​វូដ (Joe Inwood) អ្នកយក​ព័ត៌មាន​របស់ BBC​ថា “​បច្ចុប្បន្ន​រុស្ស៊ី​មានប្រៀប​សម្បើម​ខាង​កាំភ្លើង​ធំ​និង​គ្រាប់​។​ពួកគេ​អាច​បំផ្លាញ​​ទីក្រុង​បាន​ពី​ចម្ងាយ​យ៉ាង​ងាយស្រួល ដូច្នេះ​គ្មាន​ហេតុផល​ណា​ត្រូវ​បន្ត​នៅ​ទីនោះ​ឡើយ​”​។​

​រុស្ស៊ី​បាន​រុលចូល​ទីក្រុង​ដោយ​គ្មាន​ការ​តដៃ​។ វីដេអូ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃអាទិត្យ​បានបង្ហាញ អ្នក​ប្រយុទ្ធ​ឆេច​ឈ្នី​រាំ​នៅ​កណ្តាល​ក្រុង​។​

​ពិតណាស់ ពួកគេ​ប្រហែលជា​កំពុង​អបអរសាទរ​។ ការ​ដណ្តើម​បាន​ទីក្រុង​លី​ស៊ី​ចាន់​មានន័យថា រុស្ស៊ី​បាន​ដណ្តើម​យក​តំបន់​លូ​ហា​នស​ខ៍​ទាំងមូល​ដែល​ជា​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់​នៃ​ការ​លុក​លុយ​​របស់​ប្រធានាធិបតី​ពូ​ទីន​មកលើ​អ៊ុ​យក្រែន​។​

​ដូច្នេះ តើ​វា​មាន​ន័យ​យ៉ាងណា​ទាំង​សម្រាប់​សមរភូមិ​តំបន់​ដុន​បាស​និង​សង្គ្រាម​កាន់តែ​ធំ​នោះ​?

​សូម​ចាប់ផ្តើម​ពី​ទស្សនៈ​របស់​អ៊ុ​យក្រែន​។ សម្រាប់​ពួកគេ រឿង​សំខាន់​គឺ​ត្រូវ​ចៀសវាង​ការឡោមព័ទ្ធ​ដូចដែល​បានឃើញ​នៅក្នុង​ទីក្រុង​ម៉ា​រី​វ​ប៉ូល​។​ទោះបី​ការការពារ​ទីក្រុង​កំពង់ផែ​ភាគខាងត្បូង​របស់​ពួក​​គេ​បាន​បន្ថយល្បឿន​របស់​រុស្ស៊ី​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ក៏ពិតមែន ក៏​ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​គឺ​ការសម្លាប់​ឬ​ការចាប់ខ្លួន​ទាហាន​អ៊ុយ​ក្រែន​រាប់ពាន់នាក់​។​

​អ៊ុយ​ក្រែន​ចង់​បញ្ចៀសរឿង​បែប​នោះ​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។​

​នៅក្នុង​សុន្ទរកថា​ពេល​រាត្រី ប្រធានាធិបតី​ហ្សេ​លេន​ស្គី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿងនេះ​។ លោក​បាន​ប្រាប់​ប្រជាជាតិ​ថា “​យើង​នឹង​សង់​កំពែង​ឡើងវិញ យើង​នឹង​ដណ្តើម​យក​ទឹកដី​មកវិញ ប៉ុន្តែ​ជា​ដំបូង​ត្រូវតែ​សង្គ្រោះ​មនុស្ស​ជា​មុន​សិន​”​។​

​លោក សឺ​ហ៊ី ហៃ​ដាយ បាន​លើក​ហេតុផល​ដូច​គ្នា ដោយ​ប្រាប់​លោក ចូ អ៊ី​ន​វូដ​ថា​”​កងទ័ព​របស់​យើង​បាន​ដកថយ​ទៅកាន់​ទីតាំង​ដែល​មាន​កំពែង​រឹងមាំ​ជាង​មុន​…​យើង​បាន​ការពារ​តំបន់​លូ​ហាន​ស​ខ៍​​អស់​រយៈពេល​ប្រាំ​ខែ​។ ខណៈ​កំពុង​ការពារ​តំបន់​នេះ យើង​កំពុង​សាងសង់​បន្ទាយ​ថ្មី​នៅក្នុង​តំបន់​ដូណិត​ស​ខ៍​។ ឥឡូវ កងទ័ព​បាន​ទៅ​ទីនោះ​អស់​ហើយ​”​។​

​ដោយ​សរសេរ​រ៉ាយរ៉ាប់​ពីរ​បី​ម៉ោង​បន្ទាប់ពី​ការដួលរលំ​ទីក្រុង​លី​ស៊ី​ចាន់ ទីប្រឹក្សា​ប្រធានាធិបតី​លោក អា​ឡិច​សី អា​រ៉េ​ស្តូវិ​ច (Oleksiy Arestovych)​ថែមទាំង​បាន​ហៅ​ការការពារ​ទីក្រុង​លី​ស៊ី​ចាន់​​និង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍ (Lysychansk-Severodonetsk) ថា​ជា “​ប្រតិបត្តិការ​យោធា​ជោគជ័យ​” ទៀតផង​។​

​ដោយហេតុ​ថា​ទង់ជាតិ​រុស្ស៊ី​ឥឡូវ​បង្ហូត​លើ​ទីក្រុង​ទាំង​ពីរ ការលើកឡើង​ពី​ជ័យជម្នះ​ហាក់ដូចជា​ច្របូកច្របល់​បន្តិច ប៉ុន្តែ​ហេតុផល​របស់គាត់​គឺ​ថា​ពួកគេ​កំពុង​លេង​ល្បែង​សឹក​ដ៏​យូរ​មួយ​ដោយ​កេងចំណេញ​​ពេលវេលា​ដ៏​មានតម្លៃ​។​

​ដើម្បី​យល់​ពី​ហេតុផល​នេះ អ្នក​ត្រូវ​យល់​ពី​សារៈសំខាន់​នៃ​អាវុធ​លោកខាងលិច​ចំពោះ​ការតស៊ូ​របស់​អ៊ុ​យក្រែន​។ សរុបមក បើ​គ្មាន​ការផ្គត់ផ្គង់​របស់​ណា​តូ​ទេ ពួកគេ​នឹង​ជួប​បញ្ហា​ធំ​ជាង​បច្ចុប្បន្ន​ទៀត​។​

​ការ​ដែល​ពួកគេ​អាច​ពន្យា​រការ​រុល​មក​មុខ​របស់​រុស្ស៊ី​បាន​កាន់តែ​យូរ ពួកគេ​នឹង​អាច​នាំ​យក​ប្រព័ន្ធ​រ៉ុក្កែត​និង​កាំភ្លើង​ធំ​កាន់តែ​ទំនើប​មក​ប្រយុទ្ធ​។ ប្រព័ន្ធ​មី​ស៊ី​ល HIMARS ផ្តល់​ដោយ​សហរដ្ឋ​អាម៉េរិក ដែល​កំពុង​ធ្វើ​សកម្មភាព​រួច​ហើយ​នោះ ត្រូវ​គេ​និយាយថា​បាន​ជួយ​ផ្លាស់ប្តូរ​តុល្យភាព​នៃ​ជម្លោះ​។ មាន​ពេលវេលា​កាន់តែ​ច្រើន​មានន័យថា​មាន​ការផ្គត់ផ្គង់​អាវុធ​កាន់តែ​ច្រើន​ដែល​នឹង​នាំ​ប្រៀប​ឈ្នះ​មក​​ខាង​ពួកគេ ជាពិសេស​ដោយសារ​តែ​ការដាក់ទណ្ឌកម្ម​មានន័យ​ថា រុស្ស៊ី​កំពុង​ជួប​ការលំបាក​ក្នុង​ការទិញ​គ្រឿងបន្លាស់​និង​គ្រាប់​។​

​ឥឡូវ​សម្រាប់​ទស្សនៈ​រុស្ស៊ី​វិញ​។ គោលបំណង​ដែល​បានបញ្ជាក់​របស់​ពួកគេ​គឺ​ការដណ្តើមយក​តំបន់​ដុន​បា​ស ដែល​ពួកគេ​និយាយថា “​ការរំដោះ​” តំបន់​ដុន​បាស​នោះ​។​ការ​ដណ្តើម​បាន​តំបន់​លូ​ហា​នស​ខ៍​​គឺ​នាំ​ឱ្យ​គោលដៅ​នេះ​កាន់តែ​កៀក​នឹង​សម្រេច​បាន​។​

​ជា​ការពិត សារៈសំខាន់​នៃ​ការដណ្តើមយក​តំបន់​ដុន​បាស​ត្រូវបាន​គូសបញ្ជាក់​ដោយ​ប្រធានាធិបតី​ពូ​ទីន​កាលពី​ថ្ងៃ​ចន្ទ នៅ​ពេល​គាត់​បានធ្វើឱ្យ​ពួក​មេបញ្ជាការ​នៃ​ការវាយលុក​ក្លាយជា “​វីរបុរស​រុស្ស៊ី​” ដែល​នេះ​អាច​ជា​រង្វាន់​ខ្ពស់​បំផុត​របស់​សហព័ន្ធ​។​

​ប៉ុន្តែ​តើ​ជំហាន​បន្ទាប់​ទៀត​ជា​អ្វី​? វា​សឹងតែ​ប្រាកដ​ណាស់​ថា​ពួកគេ​នឹង​បន្ត​ព្យាយាម​ដណ្តើមយក​តំបន់​ដុន​បាស​ដែល​នៅ​សេសសល់ ជា​ពិសេស​ទីក្រុង​ស្លូវី​យ៉ានស​ខ៍ (Sloviansk) និង​ទីក្រុង​ក្រា​ម៉ាថ័​រស៍ (Kramatorsk) ដែល​រង​ការបាញ់​ផ្លោង​ទាំងពីរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ទីក្រុង​ស្លូវី​យ៉ានស​ខ៍​ត្រូវបាន​គេ​និយាយថា​មាន​សារៈសំខាន់​ជាពិសេស​ចំពោះ​ចលនា​បំបែក​ខ្លួន ព្រោះ​វា​ជា​ទីតាំង​នៃ​ការបះបោរ​លើកដំបូង​ក្នុង​ឆ្នាំ ២០១៤​។​

​ហួស​ពី​នេះ​ទៅ យុទ្ធសាស្ត្រ​ទូលំទូលាយ​ទៀត​របស់​រុស្ស៊ី​គឺ​មិន​ច្បាស់លាស់​ទេ​។ ភាគច្រើន​គឺ​អាស្រ័យ​លើ​ស្ថានភាព​នៃ​កងកម្លាំង​របស់​ពួកគេ ក្នុងករណី​ដែល​ពួកគេ​ដណ្តើមបាន​ដុន​បាស​។​

​ប្រធានាធិបតី​ពូ​ទី​ន​បាន​ទទួលស្គាល់​រឿង​នេះ​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​កាលពី​ថ្ងៃ​ចន្ទ ដោយ​និយាយថា​”​អង្គភាព​ដែល​បាន​ចូលរួម​ក្នុង​អរិភាព​ដ៏​សកម្ម​និង​ទទួលបាន​ភាពជោគជ័យ​និង​ជ័យជម្នះ​ក្នុង​ទិស​​ដៅ​លូ​ហានស៍​គួរតែ​សម្រាក​និង​បង្កើន​សម​ត្ថភាព​ប្រយុទ្ធ​របស់​ពួកគេ​”​។​

​ប្រសិន​បើ​ពួកគេ​នៅតែ​បង្កើន​ការ​រុលទៅមុខ​យ៉ាង​ឆាប់រហ័ស ពួកគេ​អាច​បន្ត​ការជំរុញ​របស់​ពួកគេ​ដើម្បី​ដណ្តើមយក​ភាគខាងត្បូង​អ៊ុយ​ក្រែន​ទាំងមូល​រហូត​ដល់​និ​ង​ប្រហែល​រួមទាំង​ទីក្រុង​ធំ ឌី​នី​ប្រូ (Dnipro) ឬ​ហួស​ពីនេះ​ទៀត​។​

​ទោះយ៉ាងណា ប្រសិន​បើ​ពួកគេ​អស់កម្លាំង​ដូច​ដែល​អ្នកវិភាគ​ជា​ច្រើន​បាន​ព្យាករណ៍​និង​ដូចដែល​លោកពូ​ទីន​បាន​បង្ហើប​តម្រុយ​មែន​នោះ គេ​អាច​ព្យាករណ៍​បាន​ថា ពួកគេ​នឹង​ប្រកាស​បញ្ចប់​”​ប្រតិបត្តិ​​ការ​យោធា​ពិសេស​” ដែល​ជា​ឃ្លា​គួរឱ្យ​អស់សំណើច​របស់​រុស្ស៊ី​សម្រាប់​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នេះ​។​

​ពួកគេ​ប្រហែល​ជា​សង្ឃឹមថា បទ​ឈប់​បាញ់​ជា​ឯកតោភាគី​នឹង​ទទួលបាន​ការគាំទ្រ​ជា​អន្តរជាតិ​សម្រាប់​អ៊ុ​យក្រែន ដោយ​ការគាំទ្រ​ខ្លះ​ប្រហែលជា​ចេញ​ពី​បារាំង និង​អាល្លឺម៉ង់ ដែល​នឹង​ជំរុញ​ឱ្យ​មាន​សន្តិភាព​។​

​អ៊ុយ​ក្រែន​ច្បាស់ណាស់​នឹង​បន្ត​ការប្រយុទ្ធ​ទៀត ប៉ុន្តែ​បើ​គ្មាន​ការផ្តល់​សព្វាវុធ​ជាប់លាប់​ទេ វា​អាច​ក្លាយ​ជា​សមរភូមិ​ជាប់គាំង ដូច​ដែល​ខ្លួន​បាន​ជួប​ក្នុង​ចន្លោះ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០២២​។ ការណ៍​នោះ​នឹង​ស័ក្តិសម​សម្រាប់​រុស្ស៊ី ដែល​ចង់​ទុកឱ្យ​អ្នក​ជិតខាង​ខ្លួន​ស្ថិតក្នុង​ស្ថានភាព​ចលាចល​និង​ច្របូកច្របល់​។​

​សម្រាប់​ពេល​នេះ ទស្សនៈ​ពីរ​ខាងលើ​គឺ​គ្មាន​មួយណា​ប្រាកដប្រជា​នោះទេ ព្រោះ​ភាគី​ទាំង​ពីរ​អះអាង​ឈ្នះ​រៀងៗ​ខ្លួន​។ ជា​ការពិត គេ​ក៏​ត្រូវ​កត់សម្គាល់​ដែរ​ថា ខណៈ​អ៊ុយ​ក្រែន​ចាញ់​ប្រៀប​នៅ​តំបន់​ដុន​បា​ស ពួកគេ​បាន​ទទួល​ជោគជ័យ​នា​ពេល​ថ្មីៗ​នេះដែរ ជាពិសេស​គឺ​ការ​ដណ្តើមបាន​កោះពស់​ត្រឡប់មកវិញ ដោយ​ឥឡូវ​កោះ​នេះ​បាន​ដោត​ទង់ជាតិ​អ៊ុយ​ក្រែន​ឡើងវិញ​ហើយ​។​

​រឿង​តែ​មួយគត់​ដែល​យើង​អាច​ប្រាកដ​បាន នោះ​គឺ សង្គ្រាម​នេះ​នឹង​មិន​បញ្ចប់​ឆាប់ៗ​នោះទេ ដោយ​ប្រជាជន​នៃ​តំបន់​ដូណិត​ស​ខ៍​គ្រោង​នឹង​ក្លាយជា​អ្នករងគ្រោះ​បន្ទាប់​៕

​ទង់ជាតិ​រុស្ស៊ី​ឥឡូវ​បាន​ដោត​នៅ​ទីក្រុង​លី​ស៊ី​ចាន់​និង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍​ក្នុង​តំបន់​លូ​ហាន​ស​ខ៍