អ្នកនាំពាក្យ​សេត​វិមាន លោក សន ស្ពៃ​ស័​រ លាលែង​ពី​តំណែង​

1286
ចែករម្លែក

​អ្នកនាំពាក្យ​សេត​វិមាន លោក​សន ស្ពៃ​ស័​រ បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​សុក្រ ទី​២១ កក្កដា ដោយ​បញ្ចប់​នូវ​អាណត្តិ​ដ៏​ខ្លី​និង​ចលាចល ដែល​បានធ្វើឱ្យ​គាត់​មានឈ្មោះ​ល្បី ចំពេល​កំពុងមាន​កោលាហល​ថែមទៀត​ជាមួយ​រង្វង់​ដឹកនាំ​ផ្ទៃក្នុង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​ខណៈ​ការលាលែង​នេះ​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែ​ការចាកចេញ​របស់លោក​ស្ពៃ​ស័​រ​បាន​កើតឡើង​ភ្លាមៗ​និង​បានបង្ហាញ​ពី​ភាពច្របូកច្របល់​នៅក្នុង​ក្រុម​ច្បាប់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ត្រាំ នៅពេលដែល​មានការ​ស៊ើបអង្កេត​កាន់តែ​ទូលំទូលាយ​អំពី​ទំនាក់ទំនង​រវាង​យុទ្ធនាការ​របស់លោក​ត្រាំ និង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦​។​

​លោកស្រី សា​រ៉ា សាន់​ឌ័​រ ត្រូវបានតែងតាំង​ជា​អ្នកនាំពាក្យ​ថ្មី ដោយ​មេ​ថ្មី​របស់​នាង គឺ​លោក អ៊ែន​ថូ​នី ស្កា​រ៉ា​មូ​ស៊ី នៅ​សន្និសីទ​ព័ត៌មាន​នៅ​សេត​វិមាន​ជាមួយ​ក្រុមអ្នកកាសែត​។ លោក ស្កា​រ៉ា​មូ​ស៊ី អតីត​ហិរញ្ញ​ធិ​ការី​នៅ​វ៉​ល​ស្ទ្រី​ត (Wall Street) ត្រូវបានតែងតាំង​ជាម​ន្ត្រី​ទំនាក់ទំនង​កំពូល​ថ្មី​របស់​រដ្ឋបាល​ត្រាំ​។

​មន្ត្រី​បក្ស​សាធារណរដ្ឋ​ម្នាក់ ដែល​ស្និទ្ធ​នឹង​សេត​វិមាន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា លោក​ត្រាំ​បានជ្រើសរើស​លោក​ស្កា​រ៉ា​មូ​ស៊ី​សម្រាប់​ការងារ​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ជួប​គាត់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ កក្កដា ដើម្បី​ប្រគល់​ការងារ​នេះ​ជា​ផ្លូវការ​ដល់​គាត់​។

​មន្ត្រី​បក្ស​សាធារណរដ្ឋ​រូប​នោះបាន​និយាយថា បន្ទាប់ពី​ដំណឹង​អំពី​ការជួល​លោក​ស្កា​រ៉ា​មូ​ស៊ី​មក​ធ្វើការ លោក​ស្ពៃ​ស័​របា​ន​ជួប​លោក​ត្រាំ​នៅ​ការិយាល័យ​ពងក្រពើ និង បានដាក់​ចេញ “​ឱសានវាទ​” យ៉ាង​ដូច្នេះ តើ​ជា “​រូបគាត់ (​ស្កា​រ៉ា​មូ​ស៊ី​) ឬ ខ្ញុំ​”​។ មន្ត្រី​ដដែល​និយាយថា នៅពេល​ត្រាំ​មិនដែល​ចេះ​ចុះចាញ់​នរណាម្នាក់​នោះ លោក​ស្ពៃ​ស័​រ​ក៏​លាលែង​ពី​តំណែង​តែម្តង​។​

​ត្រាំ​និយាយថា គាត់​អរគុណ​សម្រាប់​ការងារ​របស់លោក​ស្ពៃ​ស័​រ ដែល​លើកឡើង​តាមរយៈ​អ្នកនាំពាក្យ​ថ្មី លោកស្រី​សាន់​ឌ័​រ នៅ​សន្និសីទកាសែត​។​

​លោក​ស្កា​រ៉ា​មូ​ស៊ី ប្រាប់​អ្នកកាសែត​ថា “​ខ្ញុំ​ចូលចិត្ត​ប្រធានាធិបតី​…​វា​ជា​កិត្តិយស​ដែល​បាន​នៅទីនេះ​”​។ នៅពេល​សួរថា​តើ​គាត់​នឹង​តម្រែតម្រង់​ទិស​នាវា​សេត​វិមាន​ឱ្យ​ត្រូវ​ទិស​វិញ​ដោយ​របៀប​ណា លោក​ស្កា​រ៉ា​មូ​ស៊ី និយាយថា គ្មានអ្វី​ត្រូវ​ជួសជុល​ទេ​។

​លោក​និយាយថា “​នាវា​កំពុងធ្វើដំណើរ​ឆ្ពោះទៅ​ទិសដៅ​ត្រឹមត្រូវ​។ ខ្ញុំ​ចូលចិត្ត​ក្រុមការងារ​នេះ​។ ទុកឱ្យ​ខ្ញុំ​និយាយ​ម្តងទៀត : ខ្ញុំ​ស្រឡាញ់​ក្រុម​នេះ​”៕ ដោយ៖ កញ្ញាដាលីស

លោក​សន ស្ពៃ​ស័​រ

ទីតាំងផ្សាយពាណិជ្ជកម្ម