ដោយៈ ចាន់តូ/ភ្នំពេញៈ យានដ្ឋានជួសជុលរថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បណ្ដាលអោយរថយន្តចំនួនបីគ្រឿងរងការខូចខាតទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួនទៀត។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យានដ្ឋានជួសជុលរថយន្តដែលអគ្គីភ័យឆាបឆេះនោះស្ថិតនៅ ពីក្រោយឃ្លាំងលក់រថយន្ត មានម្ចាស់ឈ្មោះញាណ ដារ៉ា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខC1 ផ្លូវលេខ598 ភូមិទួលទួលថ្ងាន់កន្លែងកើតហេតុខាងលើ ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុខណៈពេល ក្រុមជាងកំពុងតែជួសជុលរថយន្ត ស្រាប់តែឆ្លងចរន្តអគ្គីសនីចេញពីរថយន្តមួយគ្រឿង ក្លាយជាអគ្គីភ័យ ឆាបឆេះតែម្តង។ ភ្លាមៗនោះក្រុមជាងក៍បាននាំគ្នាជួយបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បាន ហើយភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងឆ្លងទៅរថយន្តជាច្រើនគ្រឿងទៀត។

តាមនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យ ចំនួន៣០គ្រឿងទៅអន្តរាគមន៍ បាញ់ពន្លត់អស់២២គ្រឿង ហើយភ្លើង បានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ១២:៣០នាទីថ្ងៃដដែល។
តាមនគរបាលបានអោយដឹងថា អគ្គីភ័យនេះបណ្តាលអោយ រថយន្តបីគ្រឿងខូចខាតទាំងស្រុង រួមមាន រួមមានរថយន្ត ម៉ាក THUNDRA, LUXUS NX200t និងម៉ាក CRV រួមជាមួយសម្ភារៈមួយចំនួនទៀត៕