ដោយៈ ភ្នំសន្ទូក/កំពង់ធំៈ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ថ្លែងណែនាំដល់មេឃុំថ្មីថា ត្រូវធ្វើកិច្ចការរបស់ខ្លួនប្រកបដោយគណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវ គឺមិនត្រូវជិះសេះលែងដៃជាដាច់ខាត។ លោកថ្លែងដូចនេះក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរូមពីមន្ត្រីរាជការជាច្រើនរូបផងដែរ ។
លោកអភិបាលរងខេត្តកំពង់ធំក៏បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាឃុំអាណត្តិទី ៥របស់ឃុំចំណាក្រោម ត្រូវសហការជាមួយរដ្ឋបាលស្រុកស្ទោង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសិក្សាលើស្ថានភាពដីនៅតំបន់បីក្នុងឃុំចំណាក្រោមជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលពីយូរមកហើយទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឱ្យគាត់បានអាស្រ័យផលបន្តទៀត។
លើសពីនេះលោក សុក ហៃ ក៏បានបញ្ជាក់បន្ថែមតួអង្គសំខាន់ៗ ៥រូបដែលមានសក្តានុពលក្នុងការផ្តល់សេវាជូនពលរដ្ឋរបស់ខ្លួន ត្រូវរៀបចំឥរិយាបថឱ្យបានល្អប្រសើរ។ ស្មៀនឃុំពិតជាមានសារសំខាន់ណាស់ក្នុងការជួយឱ្យរដ្ឋបាលឃុំមាននិរន្តរភាព ប្រកបដោយការទទួលខុសត្រូវ កិច្ចសហការ និងផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដោយមានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
ជាចុងក្រោយលោក សុក ហៃអភិបាលរងខេត្តកំពង់ធំ បានជំរុញដល់មេឃុំថ្មីត្រូវធ្វើបច្ចុប្បន្នភាពអ្នកចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ប្រតិទិនចាក់វ៉ាក់សាំងឱ្យបានជាក់លាក់ និងគ្រប់ភូមិនៅក្នុងឃុំដើម្បីចាក់វ៉ាក់សាំងជូនគាត់ឱ្យបានគ្រប់ៗគ្នា៕