ដោយៈ គង់​ហេង​/ កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម​បាន​ស្នើឱ្យ​លោកស្រី អស់លោក ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទើប​ជាប់ឆ្នោត អាណត្តិ​ទី​៥ ទាំងអស់​មាន​កាតព្វកិច្ច​ត្រូវធ្វើ​ការប្រកាស ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន ផ្ញើ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ យ៉ាងយូរ​ក្រោយពី​ថ្ងៃ​ប្រកាស​សុពលភាព​រយៈពេល ៣០ ថ្ងៃ​។​

​ការស្នើ​នេះ​ធ្វើឡើង​ដោយ​លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​ឃុំ​ចម្ការអណ្តូង ស្រុក​ចម្ការលើ នៅ​ព្រឹក​ថ្ងៃទី ៥ កក្កដា​នេះ​។​

​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថាៈ តាមច្បាប់​ប្រឆាំង​អំពើពុករលួយ សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំងអស់ គឺមាន​កាតព្វកិច្ច ត្រូវធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​ករណី​នីមួយៗ​។ ឧទាហរណ៍​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ចាស់​ដែល​មិនបាន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ឡើងវិញ ឬ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែល​ជាប់ឆ្នោត​ដំបូង​ក្នុង​អាណត្តិ​ទី ៥ នេះ​។​

​លោក​បាន​បន្ថែមថាៈ អ្នក​ទាំងអស់នេះ​មាន​កាតព្វកិច្ច​ត្រូវធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន ផ្ញើ​ទៅឱ្យ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​រយៈពេល ៣០ ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពីថ្ងៃ​ប្រកាស​សុពលភាព ក្រុមប្រឹក្សាឃុំ សង្កាត់​នេះ​។ ជាពិសេស​ក្រៅពី​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​រួមគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ដើម្បី​ធានាឱ្យមាន​ភាព​ស្អាតស្អំ​ក្នុង​ឃុំ សង្កាត់​របស់​យើង​៕​