ដោយៈ សុផល / ភ្នំពេញៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នៅ​ព្រឹក​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ ស្ដីពី “​ការកសាង​សន្តិភាព​ប្រកបដោយ​ចីរភាព នៅ​អាស៊ី​ប៉ាស៊ីហ្វិក ផ្អែកលើ​មនុស្សនិយម​សកល​” ដើម្បី​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិភាព ដែល​បាន​រៀបចំឡើង នៅ​វិមាន​រដ្ឋសភា ក្រោម​កិច្ចសហការ​រៀបចំ ដោយ​មូលនិធិ​បណ្ឌិតសភា Hyojeong លេខាធិការដ្ឋាន UPF នៅ​អាស៊ី​ប៉ាស៊ីហ្វិក និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) និង​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​គណៈកម្មការ​ជំនាញ​ទាំង​១០ នៃ​រដ្ឋសភា​។

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​មានប្រសាសន៍ថា​: នៅក្នុង​កិច្ចសន្ទនា រយៈពេល​មួយថ្ងៃ​កន្លះ​មកនេះ បង្ហាញ​យ៉ាងច្បាស់​ពី​ឆន្ទៈ និង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ផ្នែក​នយោបាយ របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាព ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុង​ភាព​តានតឹង ដោយសារ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ភាពមិនច្បាស់លាស់ ដែល​បណ្តាលមកពី​សណ្តា​ប់​ធ្នាប់​ពិភពលោក​ថ្មី ដែល​កំពុង​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​។

​លោកស្រី បាន​ថ្លែងអំណរគុណ ចំពោះ​ការជ្រើសរើស​ប្រទេស​កម្ពុជា ធ្វើជា​វេទិការ​សម្រាប់​កិច្ចសន្ទនា ស្តីពី​សន្តិភាព​។ ក្នុងនាម​ជា​ប្រទេសជាតិ​មួយ ដែល​ស្រឡាញ់​សន្តិភាព កម្ពុជា​បាន​នឹង​កំពុង​ប្រឹងប្រែង អស់ពី​សមត្ថភាព​រប​ស់​ខ្លួន ដើម្បី​ចូលរួមចំណែក ដល់​សន្តិភាព​ពិភពលោក​។ សន្តិភាព គឺជា​តម្រូវការ​ដំបូង​បំផុត សម្រាប់​ការអភិវឌ្ឍន៍ និង​លទ្ធិប្រជាធិបតេយ្យ​។ យើងទាំងអស់គ្នា ត្រូវ​ថែរក្សា​ពូន​ជ្រុំ​សន្តិភាព​។ នៅ​កម្ពុជា សន្តិភាព គឺជា​អាទិភាព​ចម្បង នៃ​ដំណើរ​ការកសាង​ប្រទេសជាតិ​របស់​យើង​។ ឃ្លា​ថា “​អរគុណ​សន្តិភាព​” បាន​ក្លាយជា​យុទ្ធនាការ​ជាតិ​របស់​កម្ពុជា ដើម្បី​រំលឹក​ប្រជាជន អំពី​តម្លៃ​នៃ​សន្តិភាព និង​សារៈសំខាន់​នៃ​ការចូលរួម​របស់​ប្រជាជន ដើម្បី​ការពារ​ថែរក្សា​សន្តិភាព​។

​លោកស្រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា បាន​លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ ឱ្យ​ពិចារណា​លើ​អនុសាសន៍​ដែល​កើតចេញពី​សន្និសីទ​នេះ ដោយ​បញ្ចូល​ធាតុ​ចូល​ទាំងនេះ ទៅក្នុង​ការអភិវឌ្ឍន៍​គោលនយោបាយ និង​ធ្វើឱ្យ​ក្លាយជា​ប្រភព នៃ​ការ​បំផុសគំនិត និង​ការណែនាំ​សម្រាប់​ផែនការ​សកម្មភាព ដែល​រឹងមាំ និង​ពិត​ជាក់ស្តែង ដើម្បី​លើកកម្ពស់​សន្តិភាព​សក​ល ដោយ​ផ្អែកលើ​មនុស្សជាតិ​។

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​មាន ប្រសាសន៍​បន្តថា​: សន្និសីទ​អន្តរជាតិ ស្ដីពី “​ការកសាង​សន្តិភាព ប្រកបដោយ​ចីរភាព នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ផ្អែកលើ​មនុស្សនិយម​សកល​” ដើម្បី​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ ដោយ​សន្តិភាព គឺមាន​ភាព​ពាក់ព័ន្ធ និង​ទាន់ពេលវេលា ស្របពេល​ដែល​យើង​កំពុង​ស្វែងរក​វិធីសាស្ត្រ និង​យន្តការ​ថ្មីៗ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការលើកកម្ពស់​សន្តិភាព មាន​ភាព​កាន់តែ​ប្រសើរឡើង​។

​លោកសរី ក៏បាន​លើកឡើង​ដែរ​ថា​: សន្តិភាព និង​ស្ថិរភាព នៅលើ​ឧបទ្វីប​កូរ៉េ មិនអាច​ផ្តាច់​ចេញពី​សន្តិភាព និង​ស្ថិរភាព ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ពិភពលោក​បានទេ​។ ក្នុង​ទស្សនៈ​នេះ សហគមន៍​អន្តរជាតិ មាន​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​ក្នុងការ​ជំរុញ​កិច្ចសន្ទនា​រក​សន្តិភាព និង​ការបង្រួបបង្រួម​នៅ​ឧបទ្វីប​កូរ៉េ​។ កម្ពុជា ក៏បាន​នឹង​កំពុង​ធ្វើ​កិច្ចការ​របស់ខ្លួន ដើម្បី​រួមចំណែក​ដល់​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ​នេះដែរ​។

​ក្នុងនាម​ជា​សហប្រធាន នៃ​កិច្ចប្រជុំ​កំពូល​ពិភពលោក​នៅ​ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​លើ​សំណើ​គោ​លន​យោ បាយ​ជាក់ស្តែង ពាក់ព័ន្ធ​មួយចំនួន ឆ្ពោះទៅរក​សន្តិភាព និង​ការបង្រួបបង្រួម​នៅ​ឧបទ្វីប​កូរ៉េ ដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​សេចក្តីថ្លែងការណ៍​ទីក្រុង​សេ​អ៊ូ​ល ឆ្នាំ​២០២២ និង​សេចក្តីថ្លែងការណ៍​នៃ​អនុសាសន៍ ដែល​យើង​ទើបតែ​បានអនុម័ត​។

​លោកស្រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា បាន​បន្ថែមថា​: សភា​កម្ពុជា ក៏បាន​រួមចំណែក​ដល់​កិច្ចសន្ទនា​ស្វែងរក​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ ជាពិសេស​ក្រោម​ក្របខណ្ឌ នៃ​សមាគម​សភា​អាស៊ី​ប៉ាស៊ីហ្វិក​នៃ UPF ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឯក ណាត ដា​កាល់ ដែល​កំពុងមាន​វត្តមាន​នៅទីនេះ​។ សភា​កម្ពុជា នឹង​បន្ត​ពង្រឹង​តួនាទី​ស្ថាប័ន​សភា និង​សមាជិកសភា​បន្ថែមទៀត ដើម្បី​សន្តិភាព និង​សន្តិសុខ​។

​លោក​ស្រូ ឃួន សុ​ដា​រី ក៏បាន​លើកឡើង​នូវ​បទពិសោធន៍ ពី​ដំណើរការ​សន្តិភាព​រប​ស់​កម្ពុជា ដោយ​បង្ហាញថា ត្រូវតែមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ទៅលើ​សន្តិភាព ដោយ​ត្រូវតែ​បន្ត​ថែរក្សា និង​កសាង​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព​។ សន្តិភាព មិនមែន​ត្រឹមតែ​គ្មាន​សង្គ្រាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌ និង​ការការពារ​បរិស្ថាន ផងដែរ​។

​លោកស្រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា បាន​បញ្ជាក់ថា​: កម្ពុជា​បានរួម​ចំណែក ដល់​សន្តិភាព ក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​ការលើកកម្ពស់​ប្រព័ន្ធ​ពហុភាគី ប្រកបដោយ​ភាព​បើកចំហ បរិ​យា​ប័ន្ន និង​ដោយ​ផ្អែកលើ​ច្បាប់ និង​ការបញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​របស់​យើង​ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ទៅ​គ្រប់ទិសទី​នៃ​ពិភពលោក​។ លោកស្រី ក៏បាន​ធ្វើការ​អំពាវនាវ ដោយ​ផ្ដល់ជូន​ទស្សនាទាន ចំនួន​៣​ចំណុច ដល់​អង្គ​វេទិកា​ទាក់ទង​នឹង​សន្តិភាព និង​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ផងដែរ​៕/V​