ដោយ: សុខុម / ស្ទឹងត្រែង: ប្រទះឃើញសពបុរសម្នាក់អណ្តែតតាមទឹកទន្លេមេគង្គ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២២ បន្ទាប់ពីបុរសនោះ បានលោតពីលើស្ពានមេគង្គ នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១ កក្តដា កន្លងទៅ។
សមត្ថកិច្ច បានឲ្យដឹងថា: សពបុរសនោះ ឈ្មោះ គន់ អាយុ៣៧ឆ្នាំ មុខរបរលក់ត្រី នៅផ្សារសាមគ្គី ស្ទឹងត្រែងមានទីលំនៅស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។ នៅថ្ងៃកើតហេតុ ថ្ងៃទី១ កក្កដា ពីរនាក់ប្ដីប្រពន្ធ បាននាំគ្នាទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យ។គ្រូពេទ្យប្រាប់ថា ប្ដីរបស់នាង មានជំងឺក្រួសក្នុងតំរងនោម។បន្ទាប់ពីចេញពីមន្ទីរពេទ្យវិញ ត្រឡប់ទៅផ្ទះ រួច ប្តីក៏ជិះម៉ូតូទៅក្រៅបាត់តែម្នាក់ឯង។ ក្រោយមក ទើបទទួលព័ត៌មានថា ប្តីនាង ជិះម៉ូតូទៅលោតទឹកស្ពានមេគង្គ ដោយបន្សល់ទុកតែស្បែកជើង១គូ និងម៉ូតូមួយគ្រឿង។
ចាប់តាំងពីថ្ងៃកើតហេតុ មកទល់នឹងរសៀលថ្ងៃទី៥ ខែកក្កដា នេះ ទើបមានគេប្រទះឃើញសពបុរសលោតពីលើស្ពានមេគង្គ កាលពីប៉ុន្មានថ្ងៃមុន អណ្តែតតាមទឹកទន្លេមេគង្គ នៅភូមិសាស្ត្រស្រុកសៀមបូក ខាងព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង៕/V