ដោយ​: ចាន់តូ / ភ្នំពេញ​: ផ្ទុះអាវុធ​ចំនួន​១០​គ្រាប់ ក្នុងផ្ទះ​វីឡា មួយកន្លែង បណ្ដាល​ឲ្យ​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១​រសៀល ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ ៣៨ តាម​បណ្ដោយ​ផ្លូវ​លេខ​៣២២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​: ជនរងគ្រោះ ដែល​ស្លាប់ មានឈ្មោះ គង់ សុ​ត អាយុ ៤៣​ឆ្នាំ មុខរបរ​បើក រថយន្ត​ឲ្យ​ម្ចាស់ផ្ទះ​កើតហេតុ ស្នាក់នៅ​ផ្ទះកើតហេតុ ផ្ទះ​លេខ ៣៨ តាម​បណ្ដោយ​ផ្លូវ​លេខ​៣២២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។ ចំណែក​ខ្មាន់កាំភ្លើង ត្រូវបាន​គេ​ស្គាល់​ថា ជា​អង្គរក្ស​របស់​ម្ចាស់ផ្ទះ​កើតហេតុ​។

​បុរស​ទាំង​២​នាក់ មិនដឹង​ជាមាន​ជម្លោះ​គ្នា តាំងពី​ពេល ណា​នោះទេ ស្រាប់តែ​ថ្ងៃកើតហេតុ បុរសរងគ្រោះ អង្គុយ​នៅ​តូប​យាម​ជាប់​ទ្វារផ្ទះ ខណៈនោះ​ខ្មាន់កាំភ្លើង បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា PCX ពណ៌​ស បាន​ចូលមក​ផ្ទះ រួច​ដក​កាំភ្លើង​បាញ់ យកតែ​ម្ដង បណ្ដាល​ឲ្យ​ជនរងគ្រោះ ស្លាប់​ភ្លាមៗ​នៅ​តូប​យាម អង្គុយ​លើ​កៅអី​។ ភ្លាមៗ​នោះ បុរស​ដៃដល់ ធ្វើ​សកម្មភាព​រួច ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ចេញ​តែម្ដង​។

​បើតាម​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យដឹងថា​: គាត់​ឮសូរ​សំលេង​ផ្ទុះអាវុធ ចំនួន​៧​គ្រាប់ មួយសន្ទុះ ក្រោយមក​ឮសូរ​ផ្ទុះអាវុធ ចំនួន​៣​គ្រាប់​បន្ទាប់​ទៀត ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចម្រុះ​ចុះ​ដល់ទី​តាំង​កើតហេតុ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ នាយកដ្ឋាន​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ក្រសួងមហាផ្ទៃ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​បង្ក្រាប់​បទល្មើស​ព្រហ្មទណ្ឌ​កំរិតធ្ងន់ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ និង​កោសល្យវិច័យ រួច​បានប្រគល់​សព​ជូន​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕/V​