ដោយ​:​វ៉ៃ​កូ / ស្វាយរៀងៈ លោក សោម សុធា អគ្គនាយក ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប និង​សហការី នៅ​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ នេះ បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ រួម​នឹង​ថវិកា ចំនួន​១​លាន​រៀល ដើម្បី​យកទៅ​ប្រគល់ជូន​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​ការលំបាក​គ្មាន​ដី​និង​ផ្ទះ​ផ្ទាល់ខ្លួន សំរាប់​ស្នាក់អាស្រ័យ នៅរស់​ដោយសារ​ខ្ចី​ដី​គេ​រស់នៅ​បណ្តោះអាសន្ន​មួយ​គ្រួសារ ស្ថិតនៅ​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

​លោក សោម សុធា បាន​ឲ្យ​ដឹងថាៈ ដោយយោង​ទៅលើ សំណូមពរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ថា មាន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​១​គ្រួសារ បាន​នឹង​កំពុង​ជួប​ការលំបាក ក្នុង​ការរស់នៅ​ជាប្រចាំ​ថ្ងៃ ដែល​ប្តី​មានឈ្មោះ ជាម ផាំ អាយុ ៥៩ ឆ្នាំ ជា​និវត្តន៍​ជន ចំណែក​ប្រពន្ធ ឈ្មោះ ផាន់ សុ​ី​ថា អាយុ ៥៥ ឆ្នាំ មានកូន​ចំនួន​៨​នាក់​ប៉ុន្តែ​កូនៗ​របស់​ពួកគាត់ ពុំបាន​រស់នៅ​ជាមួយ​គាត់​ទេ​ដោយ​ពួកគាត់​នៅតែ ពីរ​នាក់​ប្តី​ប្រពន្ធ ហើយ​រស់នៅ​ដោយសារ​ខ្ចី​ដី​គេ សង់​លំនៅឋាន​ប៉ុណ្ណោះ​ហើយ​នៅពេល​ខាងមុខនេះ ម្ចាស់​ដី នឹង​យក​ដី​នោះ​វិញ ហើយ​ពួកគាត់​បានគិត​ថា នឹង​នាំគ្នា​ទៅ​នៅ​វត្ត​តែម្តង​។

​លោក​អគ្គនាយក បាន​បន្តថាៈ ដោយយោង​ទៅលើ សំណូមពរ​ខាងលើ លោក​និង​សហការី នឹងសិក្សា​ពី​ការរក​ទីតាំង ដើម្បី​ឲ្យ​ពួកគាត់ មាន​ដី​មួយកន្លែង សំរាប់​ការសង់​លំនៅឋាន​ផ្ទាល់ខ្លួន នៅពេល​ខាងមុខ ។

​សូមបញ្ជាក់ថាៈ ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប មាន​លក់​អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង និង​ផ្សារ​មេឃ នៃ​ក្រុមហ៊ុន​ផ្សារ​មរតក ឯកជន ( ឯ​.​ក ) ដែលជា​ផ្សារ​ធំ​ទី​២ នៅលើ​ទឹកដី​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ហើយ​នៅពេល​ថ្មីៗ​នេះ បានផ្តល់​តូប​ចំនួន ១២០ តូប​ដល់​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ និង​ប្រគល់​ប័ណ្ណ​សម្គាល់​ម្ចាស់​ស្តង់ និង​ផ្សារ​មេឃ ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

​ចាប់តាំងពី​ក្រុមហ៊ុន ចាប់ដំណើរការ​លក់​អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង គឺមាន​អ​ថិ​ជន​គាំទ្រ​ច្រើន​លើសលប់​ហើយ​ទទួលបាន​ជោគជ័យ​ស្ទើរ​គ្រប់​គម្រោង​៕/V​