ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្តេជ្ញាបោសសំអាតមីនឲ្យអស់ពី អាងត្រពាំងថ្ម នៅត្រឹម រយៈពេល ១ខែ ក្រោយពេល ដែល សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា កាលពីថ្ងៃទី ០១ ខែ កក្កដា នាពិធីលែងកូនត្រី ។
លោកបានបញ្ជាក់ថា “ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការបោសសម្អាតគ្រាប់មីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម។ ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្លាំងអង្គភាពស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យបានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់មីនក្នុងតំបន់ខាងលើនេះ ត្រូវប្រើប្រាស់កំលាំងចំនួនជាង៥០នាក់ ដោយប្រើប្រាស់ធនធានថវិកា ដែលមានស្រាប់ ដោយកំលាំងគ្រឿងចក្រ កំលាំងសុនខ និងកំលាំងបច្ចេកទេសតាមការចាំបាច់ ” ។
លោកបានអះអាងថា ប្រតិបត្តិការបោសសំអាតមីននៅតំបន់នោះ អាចប្រើរយៈពេល១ខែ។
លោកបានបន្តថា ផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅស្រុកភ្នំស្រុកទាំងមូល ដែលបូករួមទាំងឃុំប៉ោចារ និងតំបន់អាងត្រពាំងថ្ម មានកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យមានចម្ការមីនចំនួន៨និងមានផ្ទៃដីសរុបជាង២៥ហិចតាដែលសល់មិនទាន់បានបោសសំអាត៕